គូឡាឡាំពួ៖ លោកស្រី ជា សិរី បានលើកឡើងថា បណ្ដាញឆបោកនេះមិនមែនកើតមានតែនៅក្នុងប្រទេសកម្ពុជាទេ តែគឺនៅគ្រប់ទិសទីជុំវិញពិភពលោក ហើយជនរងគ្រោះក៏នៅគ្រប់ទិសទី។ បញ្ហាឆបោកតាមអនឡាញ គឺជាបញ្ហាសកលដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយ។ ការលើកឡើងនេះ កំឡុងពេលលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចពិភាក្សាធុរកិច្ចចំនួន២ នៅប្រទេសម៉ាឡេស៊ី ក្នុងកម្មវិធីកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៥។
ក្នុងកិច្ចពិភាក្សាក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៥ និងក្នុងកិច្ចប្រជុំកំពូលធុរកិច្ច Bloomberg អាស៊ាន លោកស្រី ជា សិរី បានបញ្ជាក់យ៉ាងច្បាស់ថា ព័ត៌មានអំពីការឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា គឺជាព័ត៌មានដ៏គួរឱ្យព្រួយបារម្ភ និងបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។ ប៉ុន្តែ ព័ត៌មានទាំងនេះមិនបានឆ្លុះបញ្ចាំងគ្រប់ទិដ្ឋភាពរបស់កម្ពុជានោះទេ។
លោកស្រី បានពន្យល់បន្ថែមថា កម្ពុជាមានបរិយាកាសវិនិយោគល្អ ដោយមានការលើកលែងពន្ធនានាសម្រាប់គម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ យើងមានអគ្គិសនីផ្តល់ពីប្រភពថាមពលស្អាត និងមានអាកាសយានដ្ឋានអន្តរជាតិលំដាប់អន្តរជាតិទើបសម្ពោធដាក់ឱ្យណើរការ ដែលជាការវិនិយោគដោយវិនិយោគិនកម្ពុជាសុទ្ធសាធ និងគ្រប់គ្រងដោយកម្ពុជា (មិនដូចការចេញផ្សាយនៅតាមបណ្តាញសារព័ត៌មានមួយចំនួននោះទេ)។
លោកស្រីទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា បានសង្កត់ធ្ងន់ថា បញ្ហាឆបោកតាមអនឡាញ គឺជាបញ្ហាសកលដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយ។ ប្រតិបត្តិការរបស់ក្រុមល្មើសអនឡាញទាំងនេះបានបង្កើតជាបណ្ដាញប្រទាក់ក្រឡាយ៉ាងស្មុគស្មាញទូទាំងសកលលោក។ បណ្ដាញឆបោកនេះមិនមែនកើតមានតែនៅក្នុងប្រទេសកម្ពុជាទេ តែគឺនៅគ្រប់ទិសទីជុំវិញពិភពលោក ហើយជនរងគ្រោះក៏នៅគ្រប់ទិសទីផងដែរ។
តាមលោកស្រី ជា សិរី ដើម្បីដោះស្រាយបញ្ហា យើងត្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយមិនត្រូវចង្អុលដាក់គ្នានោះទេ។ ក្នុងន័យនេះ ប្រទេសកម្ពុជាប្តេជ្ញាក្លាយជាសមាជិកដែលគួរឱ្យទុកចិត្ត និងមានតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុអន្តរជាតិ ហើយបានរឹតបន្តឹងវិធានការ ដើម្បីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) ហើយយើងនឹងត្រៀមខ្លួនតាមការចាំបាច់ដើម្បីសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហានេះ៕