681 ezgif.com resize
Swift cc time

អគ្គស្នងការនគរបាលជាតិ បញ្ជាឱ្យពង្រឹងក្រុមការងារ Hotline ជាមួយជនបរទេស ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាទាន់ពេល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ អគ្គស្នងការនគរបាលជាតិ

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី២៧ តុលានេះ បានបញ្ជាឱ្យពង្រឹងក្រុមការងារ Hotline ជាមួយជនបរទេស ដើម្បីឆ្លើយតប ក្នុងករណីមានសំណើសុំអន្ដរាគមន៍ណាមួយ ក្នុងគោលដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បាតុភាព អំពើភេរវកម្ម អំពើដែលបង្កឱ្យមានអសន្ដិសុខ អំពើល្មើសច្បាប់ ឬបញ្ហាផ្សេងៗទៀតឱ្យបានទាន់ពេលវេលា។

ឆ្លើយតបជាមួយបញ្ហាដែលកើតមានឡើងកន្លងមកពាក់ព័ន្ធជនបរទេសនៅក្នុងប្រទេសកម្ពុជា លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ បានដាក់បទបញ្ជាដល់ក្រុមការងារព័ត៌មានទាន់ហេតុការណ៍ Hotline ជនបរទេស ត្រូវតែពង្រឹងស្មារតីនៃការទទួលខុសត្រូវខ្ពស់តាមតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលានៅពេលមានសំណើសុំអន្ដរាគមន៍ណាមួយកើតឡើង។

លោក ស ថេត បានមានប្រសាសន៍ឲ្យក្រុមព័ត៌មានទាន់ហេតុការណ៍ Hotline ត្រូវយកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់តាមតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានតាមកំណត់ក្នុងសេចក្ដីសម្រេចនេះ និងមានប្រសិទ្ធភាព ជាពិសេសត្រូវខិតខំសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមមួយចំនួនឱ្យបានល្អ ដើម្បីជំរុញឱ្យការងារនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

លោកបន្ថែមថា ត្រូវបន្ដធ្វើទំនាក់ទំនង និងសហការឱ្យបានល្អបន្ថែមទៀតជាមួយតំណាងស្ថានទូត ស្ថានកុងស៊ុល អង្គការអន្ដរជាតិ និងវិនិយោគិនបរទេស ក្នុងការទទួល និងដោះស្រាយសំណើសុំអន្ដរាគមន៍ និងសំណូមពរនានាឱ្យល្អ និងទាន់ពេលវេលាដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងការជឿទុកចិត្តមកលើកងកម្លាំងមានសមត្ថកិច្ច។ ត្រូវរៀបចំសមាសភាពក្រុមព័ត៌មានទាន់ហេតុការណ៍ Hotline ជនបរទេសដើម្បីប្រចាំការ២៤លើ២៤ម៉ោង នៅនាយកដ្ឋាន មន្ទីរ និងស្នងការនគរបាលរាជធានី-ខេត្ត។

អង្គភាពពាក់ព័ន្ធនីមួយៗ ត្រូវរៀបចំកន្លែងធ្វើការ ឧបករណ៍ សម្ភារ បច្ចេកទេស ដើម្បីបម្រើការងារព័ត៌មានទាន់ហេតុការណ៍ឱ្យដំណើរការបានល្អ ព្រមទាំងបង្កើតលេខទូរស័ព្ទសម្រាប់ក្រុមព័ត៌មានទាន់ហេតុការណ៍ និងចាត់តាំងមន្ដ្រីដែលចេះភាសាបរទេសឱ្យទទួលបន្ទុកកិច្ចការងារនេះ។ បណ្ដាស្នងការនគរបាលរាជធានី-ខេត្ត ត្រូវចាត់តាំងតំណាងសមាសភាពមួយរូប ដែលមានសិទ្ធិសម្រេចក្នុងការទទួលដោះស្រាយ ឬសហការអន្ដរាគមន៍ជនបរទេស ក្នុងករណីដែលទទួលសំណើផ្លូវការពីអគ្គស្នងការដ្ឋាននគរបាលជាតិ៕

Khcct banner

អត្ថបទទាក់ទង