ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ បានគូសបញ្ជាក់ថា គិតចាប់តាំងពីខែមករា រហូតដល់ដើមខែតុលា ឆ្នាំ២០២៥ នេះ ក្រសួងព័ត៌មាន បានទទួល និងដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងអ្នកសារព័ត៌មានសរុបចំនួន២៣ករណី ។ ការសម្របសម្រួលដោះស្រាយវិវាទបានផ្តល់យុត្តិធម៌ជូនអ្នកសារព័ត៌មាន និងភាគីក្នុងរឿង ព្រមទាំងការពារអ្នកកាសែតពីការប្រឈមនឹងវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរ។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានរៀបរាប់ថា «សម្រាប់រាល់បណ្តឹងទាំងអស់ដែលក្រសួងបានទទួលការស្នើសុំឱ្យជួយដោះស្រាយ គណៈកម្មការបានពិនិត្យ និងវិភាគយ៉ាងល្អិតល្អន់ទាំងលើអង្គហេតុ និងអង្គច្បាប់ ហើយបានអញ្ជើញភាគីពាក់ព័ន្ធក្នុងសាច់រឿងមកចូលរួម ក្នុងដំណើរការនីតិវិធីសម្រុះសម្រួល ដោយឈរលើមូលដ្ឋាននៃច្បាប់ស្តីពីរបបសារព័ត៌មាន និយាមវិជ្ជាជីវៈ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កាតព្វកិច្ចក្នុងក្របខណ្ឌកិច្ចសន្យាអាជីវកម្មសារព័ត៌មាន និងលិខិតបទដ្ឋានពាក់ព័ន្ធ» ។
អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បានពន្យល់ទៀតថា៖ «ក្នុងដំណើរការនីតិវិធីសម្រុះសម្រួល កំហុសវិជ្ជាជីវៈសារព័ត៌មាន ទង្វើខុសក្រមសីលធម៌ ត្រូវបានវែកញែក វិភាគដោយតម្លាភាព យុត្តិធម៌ និងវិជ្ជាជីវៈ ដើម្បីផ្សះផ្សាបញ្ចប់វិវាទដោយមានសេចក្តីសន្និដ្ឋាន របាយការណ៍ច្បាស់លាស់ ដែលភាគីពាក់ព័ន្ធក្នុងវិវាទបានព្រមព្រៀងទទួលយក។ រីឯកំហុសខ្លឹមសារផ្សាយត្រូវបានកែតម្រូវ និងផ្សាយឡើងវិញជាមួយព័ត៌មានត្រឹមត្រូវ មានប្រភព និងយោងគ្រប់គ្រាន់ ដែលភាគីវិវាទបានទទួលយករៀងៗខ្លួន ហើយអ្នកសារព័ត៌មានបានទទួលការតម្រង់ទិសលើការប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន ដើម្បីបន្តអនុវត្តការងារឱ្យបានប្រសើរដោយគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ» ។
យ៉ាងណាក៏ដោយ សម្រាប់ករណីវិវាទមួយចំនួន ត្រូវទទួលការដាក់ពិន័យស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន ក្នុងនោះមានការចេញលិខិតព្រមានចំពោះអង្គភាពសារព័ត៌មាន អ្នកសារព័ត៌មានដែលបំពានក្រមសីលធម៌ និងការប្រព្រឹត្តផ្ទុយលក្ខខណ្ឌកំណត់ក្នុងកិច្ចសន្យាអាជីវកម្មសារព័ត៌មាន ខណៈករណីមួយចំនួនតូច អង្គភាពសារព័ត៌មានត្រូវបានលុបអាជ្ញាបណ្ណអាជីវកម្មដោយមូលហេតុបំពានក្រមសីលធម៌ធ្ងន់ធ្ងរ ល្មើសនឹងបទប្បញ្ញតិ្តច្បាប់ជាធរមាន។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានក្រើនរំលឹកថា«អ្នកសារព័ត៌មានទាំងអស់ត្រូវអនុវត្តការងារដោយការទទួលខុសត្រូវវិជ្ជាជីវៈ តាមរយៈការពង្រឹងសមត្ថភាពផលិត-ផ្សាយព័ត៌មានដោយគុណភាព ហើយមិនត្រូវដើរតួនាទីជំនួសសមត្ថកិច្ចឡើយ។ អ្នកសារព័ត៌មានត្រូវធ្វើខ្លួនជាបុគ្គលគំរូដល់សង្គម ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ផ្តល់ព័ត៌មានពិត មានប្រភពច្បាស់លាស់ ដោយគោរពក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ព្រោះកត្តាទាំងអស់នេះនឹងផ្តល់សុវត្ថិភាពសម្រាប់ការអនុវត្តការងារ និងជួយការពារអ្នកសារព័ត៌មាន ពីការប្រឈមនឹងបញ្ហាផ្លូវច្បាប់ផងដែរ»៕