681 ezgif.com resize
Swift cc time

សម្តេច ឃួន សុដារី៖ ដំណើរទស្សនកិច្ចមកកាន់ប្រទេសហុងគ្រី មិនត្រឹមជាការធ្វើដំណើរមកកាន់ផ្ទះមិត្តចាស់ប៉ុណ្ណោះទេ តែចំពេលពលរដ្ឋកម្ពុជាកំពុងសប្បាយរីករាយនិងស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ផងដែរ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ហុងគ្រី៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារក្នុងពេលអាហារថ្ងៃត្រង់ជាមួយ លោក យ៉ាកប អ៊ីស្តវ៉ាន(Jakab Istavan) អនុប្រធានរដ្ឋសភានៃប្រទេសហុងគ្រី នៅរដ្ឋធានីប៊ុយដាប៉ែស នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅក្នុងឱកាសសម្តេចបាននិងកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅក្នុងប្រទេសហុងគ្រី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៥។

សម្តេចប្រធានរដ្ឋសភា បានជម្រាបលោក យ៉ាកប អ៊ីស្តវ៉ាន ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជាមកកាន់ប្រទេសហុងគ្រី នៅពេលនេះ ជាពេលវេលាមួយដែលគណៈប្រតិភូមានក្តីសប្បាយរីករាយយ៉ាងក្រៃលែងបំផុត។ ដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពនេះ ក្រៅពីជាឱកាសដ៏ល្អក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយមិត្តចាស់ មិត្តដែលបានជួយគ្នាក្នុងគ្រាលំបាកហើយនោះ នៅថ្ងៃទី២៦ ខែតុលានេះ ប្រជាពលរដ្ឋកម្ពុជាទំាងមូលក៏ដូចជាគណៈប្រតិភូទំាងអស់ មានក្តីសប្បាយរីករាយយ៉ាងក្រៃលែង ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព គឺជាសន្តិភាព ក្រោមវត្តមានរបស់លោក Donald J. Trump ប្រធានាធិបតីអាម៉េរិក និងលោក Dato’ Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី ក្រោយប្រទេសទំាងពីរមានជម្លោះព្រំដែនជាមួយគ្នា ចាប់ពីថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២៥មក។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា សន្តិភាពនេះមានតម្លៃខ្ពស់បំផុត ដែលមិនសម្រាប់តែពលរដ្ឋកម្ពុជានិងថៃប៉ុណ្ណោះទេ តែក៏សម្រាប់តំបន់ និងសកលលោកទំាងមូល។

នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ កម្ពុជា ហុងគ្រី បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរដែលមានតំាងពីយូរណាស់មកហើយ គឺចាប់តាំងពីឆ្នាំ១៩៥៦ មក។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជា មកកាន់ប្រទេសហុងគ្រីនាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយ ដែលនឹងជំរុញកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែជិតស្និទ្ធ រឹងមាំបន្ថែមទៀត ដោយយកពលរដ្ឋជាស្នូល។ ទំនាក់ទំនាក់ប្រទេសទំាងពីរមានលក្ខណៈប្រវត្តិសាស្រ្តដោយផ្អែកលើការជឿជាក់ ការគោរព និងការផ្តល់តម្លៃគ្នាទៅវិញទៅមក ដែលនឹងឈានដល់ខួប៧០ឆ្នាំ នៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ។

សម្តេចរដ្ឋសភាធិបតី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរកត់សម្គាល់របស់ប្រទេសហុងគ្រី ក្នុងរយៈពេលចុងក្រោយនេះ ពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យប្រជាពលរដ្ឋ ហុងគ្រីមានជីវភាពធូរធារ និងស៊ីវិល័យ។

លោក យ៉ាកប អ៊ីស្តវ៉ាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចរដ្ឋសភាធិបតី ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី។ លោកបានជម្រាបជូនសម្តេច និងគណៈប្រតិភូពីសក្តានុពលសំខាន់ៗរបស់ប្រទេសហុងគ្រី ក្នុងនោះមានវិស័យ កសិកម្ម ឧស្សាហកម្ម និងធនធានទឹកជាដើម។ លោកបានគូសញ្ជាក់ថា ហុងគ្រីនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅក្នុងវិស័យកសិកម្ម និងឧស្សហកម្មអាហារ។ បច្ចុប្បន្ននេះក្នុងចំណោមនិស្សិតកម្ពុជាដែលកំពុងសិក្សានៅហុងគ្រី មានមួយចំនួន(តិចតួចបំផុត) បាននិងកំពុងសិក្សាវិស័យលើកសិកម្មនេះដែរ៕

Khcct banner

អត្ថបទទាក់ទង