ភ្នំពេញ៖ លោក ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា បានផ្តល់អនុសាសន៍ណែនាំថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ដោយត្រូវមានបុរេសកម្ម នវានុវត្តន៍ សាមគ្គីភាព ក្នុងការបម្រើសេវាប្រកបដោយ គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និង សមធម៌។ លោកបញ្ជាក់ទៀតថា ការព្យាបាល ត្រូវគិតពីសុវត្ថិភាពអ្នកជំងឺជាចម្បង បង្កើនការយកចិត្តទុកដាក់ ព្យាបាលថែទាំអ្នកជំងឺ ដោយចាត់ទុកអ្នកជំងឺ ជាសាច់ញ្ញាតិរបស់ខ្លួន។ ផ្ដល់ព័ត៌មានស្តីពីការវិវត្តជំងឺដល់គ្រួសារអ្នកជំងឺ ចៀសវាងការព្យាបាលណាមួយ ដែលគ្រួសារអ្នកជំងឺមិនបានដឹង។
លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យ ចូលរួមវគ្គបណ្ដុះបណ្ដាលនានា ដើម្បីបង្កើនចំណេះដឹងថ្មីៗ និងនវានុវត្ដន៍ និងចែករំលែកចំណេះដឹង និង បទពិសោធន៍ ដល់សហភារតៈ ដើម្បីការព្យាបាល កាន់តែប្រសើរឡើង។
លោក ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញ បើកទិវាវេជ្ជសាស្រ្ត សល្យសាស្រ្ត និងថែទាំវេជ្ជសាស្ត្រលើកទី១ ឆ្នាំ២០២៥ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។ ទិវានេះ បានប្រព្រឹត្តទៅក្រោមមូលបទ «សាមគ្គីភាពក្នុងវិស័យសុខាភិបាល ការលើកកម្ពស់គុណភាពព្យាបាល ព្រមទាំងការថែទាំតាមរយៈនវានុវត្តន៍ និងកិច្ចសហការ» មន្ទីរពេទ្យជាតិ តេជោសន្ដិភាព។
លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានកោតសរសើរភាពរីកច្រើនរបស់ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព និង បន្តណែនាំដល់ឱ្យមន្រ្តីសុខាភិបាល ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ត្រូវខិតខំប្រឹងប្រែងពុះពារ ជាពិសេស ការបម្រើសេវាពិនិត្យថែទាំ ព្យាបាលសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធិភាព ស័ក្តិសិទ្ធិភាព និងសមធម៌។
សូមជម្រាបជូនថា គោលបំណងនៃការរៀបចំទិវាវេជ្ជសាស្រ្ត សល្យសាស្រ្ត និងថែទាំវេជ្ជសាស្ត្រ លើកទី១ ឆ្នាំ២០២៥នេះ នឹងផ្តល់ជាការជួបជុំ ផ្តល់ឱកាសឱ្យមន្រ្តីរាជការ បុគ្គលិកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព រួមគ្នាបង្កើតនូវគំនិត បទពិសោធន៍ និងទទួលបាននូវបច្ចេកវិជ្ជាវេជ្ជសាស្រ្តថ្មីៗ ដើម្បីជំរុញឱ្យវិស័យសុខាភិបាល កាន់តែមានប្រសិទ្ធភាព ក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រជាជន ឱ្យកាន់តែប្រសើរឡើង៕