សៀមរាប៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី៖ការផលិតនិងប្រើប្រាស់កុលាលភាជន៍នៅតំបន់អង្គរ ប្រមាណ២០ប្រភេទ ដែលផលិតនាសម័យអង្គរ ជាពិសេសនៅចុងសតវត្សរ៍ទី៩ រហូតដល់សតវត្សរ៍ទី១៤ នឹងដាក់តាំងឲ្យទស្សនា និងសិក្សាស្រាវជ្រាវ រយៈពេល២ខែ ចាប់តាំងថ្ងៃទី២៣ ខែតុលា រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៥ ដើម្បីបានយល់ដឹងពីឧស្សាហកម្មកុលាលភាជន៍នៅក្នុងសង្គមខ្មែរ មានការរីកចម្រើនខ្លាំង។
លោក ឆាយ រចនា ប្រធានការិយាល័យសិក្សាកុលាលភាជន៍អង្គរ បានឱ្យដឹងថា កុលាលភាជន៍ប្រមាណ២០ប្រភេទ ដែលផលិតនាសម័យអង្គរ ជាពិសេសនៅចុងសតវត្សរ៍ទី៩ រហូតដល់សតវត្សរ៍ទី១៤ ជាប្រភេទកុលាលភាជន៍ រួមមាន៖ ក្រឡ ផើង ក្អម ដន្លាប់ ចាន ពែង ខួច និងការផលិតក្បឿងជាដើម ដែលមនុស្សសម័យបុរាណតែងប្រើប្រាស់ប្រចាំថ្ងៃដោយកុលាលភាជន៍ទាំងនោះ ភាគច្រើនមានប្រភពមកពីស្ថានីយ៍ផលិតភាជន៍ថ្នល់ម្រេចភ្នំគូលែន និងស្ថានីយ៍ផលិតភាជន៍សសី។
លោកបន្តថា ពិព័រណ៍មិនអចិន្ត្រៃយ៍នេះ មានគោលបំណងចង់ឱ្យសាធារណជន បានយល់ដឹងពីឧស្សាហកម្មកុលាលភាជន៍នៅក្នុងសង្គមខ្មែរ មានការរីកចម្រើនខ្លាំង។ បើទោះបីសម័យអង្គរ មានទំនាក់ទំនងជាមួយអន្តរជាតិយ៉ាងណាក៏ដោយ ក៏បុព្វបុរសខ្មែរនៅតែផលិតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ មិនពឹងផ្អែកលើការនាំចូលឡើយ។ ទាំងនេះបង្ហាញថានៅក្នុងអរិយធម៌ខ្មែរនាសម័យបុរាណកុលាលភាជន៍ក្រៅពីប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅក្នុងព្រះបរមរាជវាំងរហូតដល់ប្រជាពលរដ្ឋធម្មតាប៉ុណ្ណោះទេ សូម្បីកិច្ចពិធីគោរពបូជាផ្សេងៗ ឬសម្រាប់រក្សាទុកអធិធាតុរបស់បុព្វការីជនជាដើម។
លោកស្រី ឌី ដារី មន្ត្រីផ្នែករដ្ឋបាលរបស់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បញ្ជាក់ថា អ្នកទេសចរក៍អាចដើរទស្សនាពិព័រណ៍ធំៗ ជាពិព័រណ៍អចិន្ត្រៃយ៍ ពិព័រណ៍មិនអចិន្ត្រៃយ៍ និងវត្ថុបុរាណរាប់រយប្រភេទទៀត ដែលបានអភិរក្ស ថែរក្សាទុកនៅក្នុងសារមន្ទីរ។ បន្ថែមពីនេះ ក៏មានមគ្គុទ្ទេសក៏ទេសចរណ៍ របស់សារមន្ទីរធ្វើបទបង្ហាញជូនតាមសាលពិព័រណ៍នីមួយៗផងដែរ។
គួរបញ្ជាក់ថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានទីតាំងក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង ៤:៣០ល្ងាច៕