ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២៣ តុលា បានចេញសេចក្តីបំភ្លឺថា ការផ្សាយរបស់ការសែតថៃ The Nation នៅថ្ងៃទី២៣តុលានេះ ជាព័ត៌មានភូតភរកុហក និងបំភ្លៃ ការពិត ដោយចោទមកលើកម្ពុជា បានទម្លាក់តួនាទីរបស់ខ្លួនពីអ្នកផ្តួចផ្តើមសេចក្តីសម្រេច ទៅជាតួនាទី «ទីប្រឹក្សា» ក្នុងកិច្ចប្រជុំមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ (IPU)។
តាមរយៈសេចក្តីបំភ្លឺ កម្ពុជាបានបញ្ជាក់ថាក្នុងនាមជាសមាជិកនៃក្រុមប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APG), កម្ពុជាត្រូវបានជ្រើស តាំងយ៉ាងត្រឹមត្រូវ តាមការព្រមព្រៀងជាឯកច្ឆន្ទពីក្រុមAPG ជាសមាសភាពនៅក្នុងគណៈកម្មាធិការ តាក់តែងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត រួមជាមួយតំណាងម្នាក់ទៀតមកពីតំបន់។ កម្ពុជាមិនដែល ព្យាយាមដកចេញ មិនអើពើ ឬរើសអើងគណៈប្រតិភូណាមួយឡើយ-មិនថា មុន ក្នុងអំឡុងពេល ឬ ក្រោយពេលដែលកម្ពុជាបានទទួលការតែងតាំងនោះទេ។ឮ
កម្ពុជា បញ្ជាក់ពីគោលបំណងនៅក្នុងគណៈកម្មាធិការតាក់តែង គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការព្រមព្រៀងជាឯកច្ឆន្ទ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមអ៊ីនធឺណិត ដែលប៉ះពាល់ដល់គ្រប់ប្រទេសទាំងអស់ដោយគ្មានលើកលែង។ កិច្ចសហការរបស់កម្ពុជាជាមួយដៃគូទាំងអស់ រួមទាំងចិន ថៃ និងប្រទេសសមាជិកគណៈកម្មាធិការដទៃទៀត គឺផ្អែកលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម ដើម្បីបង្កើតបាននូវ សេចក្តីសម្រេចចិត្តមួយដែលប្រកបដោយតុល្យភាព និងប្រសិទ្ធភាព។
តាមប្រភពដដែល ការអះអាងដែលថា គណៈប្រតិភូថៃត្រូវបាន “ទម្លាក់” ទៅតួនាទីជាទីប្រឹក្សា គឺជាការលើក ឡើងមិនត្រឹមត្រូវ និងបង្ករការភាន់ច្រឡំ។ យោងតាមការអនុវត្តរបស់ IPU គណៈប្រតិភូម្ចាស់សំណើ សេចក្តីសម្រេចចិត្ត តែងតែត្រូវបានអញ្ជើញឱ្យចូលរួមចំណែកក្នុងដំណើរការតាក់តែងខ្លឹមសារ ប៉ុន្តែ តួនាទីបោះឆ្នោតផ្លូវការរបស់ខ្លួននៅក្នុងគណៈកម្មាធិការតាក់តែង គឺអាស្រ័យលើការតែងតាំងរបស់ ក្រុមភូមិសាស្ត្រនយោបាយរបស់ខ្លួន។ ជាពិសេស សេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងក្នុងអង្គមហាសន្និបាត ក៏មិនបានបង្ហាញថាប្រទេសថៃត្រូវបានចាត់ឱ្យមានតួនាទីជាទីប្រឹក្សានោះទេ។
សកម្មភាពរបស់គណៈប្រតិភូកម្ពុជានៅក្នុងមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ ត្រូវបានប្រព្រឹត្តទៅប្រកបដោយភាពថ្លៃថ្នូរ និងអនុលោមតាមគោលការណ៍តម្លាភាព វិជ្ជាជីវៈ សុចរិត ភាព និងស្មោះត្រង់ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចសហប្រតិបត្តិការពិតប្រាកដជាមួយ គ្រប់ប្រទេសទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតជាសាកល ដើម្បី ផលប្រយោជន៍នៃសហគមន៍អន្តរជាតិទាំងមូល៕