681 ezgif.com resize
Swift cc time

ក្រសួងយុត្តិធម៌ ពិនិត្យនិងវាយតម្លៃទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ថ្ងៃបុណ្យអុំទូក និងបុណ្យឯករាជ្យជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ នៅថ្ងៃទី២១ ខែតុលា បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃគណៈកម្មការថ្នាក់ជាតិ, តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបន្ទុកមណ្ឌលយុវនីតិសម្បទា, តំណាងអយ្យការ ទទួលបន្ទុកមណ្ឌលអប់រំកែប្រែទាំង៤ និងប្រធានមណ្ឌលអប់រំកែប្រែទាំង៤ ព្រមទាំងមន្ត្រីជំនាញមួយចំនួននៃក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ។

គណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស សរុបចំនួន ១០៦៤ នាក់ (ស្រី ៧៥ នាក់) ក្នុងនោះ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានទណ្ឌិតស្នើសុំចំនួន ៥៥៣ នាក់ (ស្រី ៤៥ នាក់) និងសម្រាប់ពិធីបុណ្យឯករាជ្យជាតិ មានទណ្ឌិតស្នើសុំចំនួន ៥១១ នាក់ (ស្រី ៣០ នាក់) ដែលសំណើសុំនេះទទួលបានពីពន្ធនាគាររាជធានី ខេត្ត ចំនួន ២៤, មណ្ឌលអប់រំកែប្រែ ចំនួន ៤ និងមណ្ឌលយុវនីតិសម្បទា ចំនួន ១។

ទន្ទឹមនេះ គណៈកម្មការថ្នាក់ជាតិ ក៏បានពិភាក្សាអំពីស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារ ដើម្បីស្វែងរកដំណោះស្រាយចូលរួមដោះស្រាយបញ្ហានេះផងដែរ៕

Khcct banner

អត្ថបទទាក់ទង