ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ឯកភាពគ្នាបង្កើត«ផ្សាររាត្រីឥណ្ឌូនេស៊ី» នៅលើផ្លូវថ្មើជើងចតុមុខ។ គម្រោងនេះនឹងត្រូវធ្វើឡើងនៅនៅថ្ងៃទី២២ ឬ ២៣ ខែវិច្ឆិកាឆ្នាំ២០២៥ខាងមុខនេះ ដើម្បីបង្ហាញពីវប្បធម៌ ទំនៀមទំលាប់ របាំប្រពៃណី និងម្ហូបអាហារឥណ្ឌូនេស៊ីនៅទីនេះ។
នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី មានជំនួបពិភាក្សាពីគម្រោងបង្កើតឱ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីមួយ នៅលើផ្លូវថ្មើជើងចតុមុខ។
លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា ការបង្កើតឱ្យមានផ្លូវថ្មើរជើងចតុមុខ នៅរាជធានីភ្នំពេញបានធ្វើឱ្យកើនឡើង នូវវិស័យទេសចរណ៍ ដោយបង្កើតឱ្យមានកម្មវិធីកំសាន្តយ៉ាងច្រើននៅលើផ្លូវថ្មើរជើងចតុមុខនេះ។ គម្រោងរបស់ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី នឹងអាចដាក់ឲ្យមានផ្សារ រាត្រីឥណ្ឌូនេស៊ីមួយ នៅផ្លូវថ្មើជើងចតុមុខ។ គម្រោងនេះនឹងមានការតាំងបង្ហាញផលិតផល ការបង្ហាញវប្បធម៌ របាំប្រពៃណីនិងម្ហូបអាហាររបស់ឥណ្ឌូនេស៊ី។ ការបង្កើតឲ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីនេះឡើង នឹងអាចឲ្យប្រជាពលរដ្ឋឥណ្ឌូនេស៊ីនិងប្រជាពលរដ្ឋកម្ពុជាកាន់តែមានទំនាក់ទំនង ភាពស្និទ្ធស្នាល មួយកម្រិតថែមទៀត។
ជាការឆ្លើយតប លោក ឃួង ស្រេង បានសម្រេចផ្ដល់ជូនទៅឱ្យឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បង្កើតឲ្យផ្សាររាត្រីឥណ្ឌូនេស៊ីនៅផ្លូវថ្មើរជើងចតុមុខ ដោយលោក ស្នើឱ្យស្ថានទូតឥណ្ឌូនេស៊ីជ្រើសរើសទីតាំងឲ្យបានច្បាស់លាស់ដើម្បីឱ្យអាជ្ញាធរ ក៏ដូចជាកងកម្លាំងរបស់រាជធានីភ្នំពេញ អាចការពារសន្តិសុខជូនឱ្យកាន់តែល្អប្រសើរថែមទៀត។ លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងនូវការអរគុណចំពោះស្ថានទូតឥណ្ឌូនេស៊ី ដែលមានគម្រោងបង្កើតឲ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីនៅផ្លូវថ្មើជើងចតុមុខនេះ ដែលនេះជាការលើកទឹកចិត្ត ជាការផ្ដល់កម្លាំងចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើតឲ្យមានផ្លូវថ្មើរជើងចតុមុខនេះ ឱ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត៕