681 ezgif.com resize
Swift cc time

កិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ បានបើកជាផ្លូវការនៅខេត្តសៀមរាប ដើម្បីពង្រឹងកម្លាំងពលកម្មរបស់អាស៊ាន

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

សៀមរាប៖ កិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នេះ បានបើកជាផ្លូវការនៅខេត្តសៀមរាប ដើម្បីពង្រឹងកម្លាំងពលកម្មរបស់អាស៊ាន។ នេះជាលើកទីពីរហើយ ដែលកម្ពុជាបានទទួលរៀបចំកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានម្តងទៀត ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ដើម្បីបញ្ជាក់ឡើងវិញនូវគោលបំណងរួមគ្នា ក្នុងការពង្រឹងកម្លាំងពលកម្មរបស់អាស៊ាន ប្រកបដោយបរិយាបន្ន ចីរភាព ភាពធន់ និងបានត្រៀមខ្លួនរួចរាល់សម្រាប់ពេលអនាគត។

យោងតាមគេហទំព័រក្រសួងការងារ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា បានអបអរសាទរលោកស្រី Joan Moh អនុរដ្ឋលេខាធិការនៃក្រសួងហត្ថពលកម្ម នៃប្រទេសសិង្ហបុរី និងជាតំណាងប្រធានប្តូរវេនឧត្តមមន្ត្រីការងារអាស៊ាន សម្រាប់ឆ្នាំ២០២៤-២០២៦ ចំពោះការធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២៨ (28th ALMM) និងកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ាន លើកទី២០ និងលើកទី២១ (20th & 21st SLOM) ដែលនឹងពិនិត្យមើលវឌ្ឍនភាពដោយផ្តោតលើទីផ្សារការងារ ការអភិវឌ្ឍកម្លាំងពលកម្ម ចល័តភាពកម្លាំងពលកម្ម សុវត្ថិភាព និងសុខភាពការងារជាដើម។ លោកបានវាយតម្លៃខ្ពស់ចំពោះ ឧត្តមមន្រ្តីការងារអាស៊ានដែលសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការសម្រេចបាននូវរបៀបវារៈពាក់ព័ន្ធនឹងការអភិវឌ្ឍកម្លាំងពលកម្ម និងវិស័យការងារ តាមរយៈការទប់ស្កាត់ ការអប់រំ ការគាំពារសង្គម ដែលស្របជាមួយនឹងប្រធានបទ “ពង្រឹងភាពធន់ និងលើកកម្ពស់នវានុវត្តន៍” ដែលមានសិង្ហបុរីជាប្រធាន និងប្រធានបទ “បរិយាបន្ន និងចីរភាព” ដែលមានម៉ាឡេស៊ីជាប្រធានអាស៊ាននៅឆ្នាំនេះ។

ស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃបរិវត្តកម្មបច្ចេកវិទ្យាឌីជីថល ការងារបៃតង និងលំអានថ្មីនៃចល័តភាពទេសន្តរប្រវេសន៍ ផ្ដល់នូវឱកាសជាច្រើនសម្រាប់ការរីកចម្រើន និងនវានុវត្តន៍។ ក្នុងបរិបទនេះ គំនិតផ្ដួចផ្ដើមដែលមាននាពេលបច្ចុប្បន្នសម្រាប់ឆ្លើយតបទៅនឹងឱកាសការងារ ប្រព័ន្ធទីផ្សារការងារ ការពង្រីករបបសន្តិសុខសង្គម ការបិទគម្លាតជំនាញ ពិតជាមានភាពចាំបាច់ណាស់៕

Khcct banner

អត្ថបទទាក់ទង