681 ezgif.com resize
Swift cc time

សម្តេច ឃួន សុដារី នឹងអញ្ជើញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨ នៅប្រទេសបារំាងចាប់ពីថ្ងៃទី២៤-៣០ តុលា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសហុងគ្រី និងចូលរួមកិច្ចប្រជុំវេទិកាសន្តិភាពប៉ារីសលើកទី៨ នៅប្រទេសបារំាង នាចុងសប្តាហ៍នេះ។ អំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ សម្ដេច ឃួន សុដារី និងប្រទេសហុងគ្រី នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងរដ្ឋសភាប្រទេសទាំងពីរ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយ។

ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ ពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសហុងគ្រី ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រី ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ សកម្ម និងគ្រប់ជ្រុងជ្រោយឡើង។

អំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនេះ សម្តេចរដ្ឋសភាធិបតី គ្រោងចូលជួបសម្តែងការគួរសម និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសហុងគ្រី។ ជាពិសេសសម្តេចនឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក ឡាស្លូ កូវឺរ ប្រធានរដ្ឋសភា ប្រទេសហុងគ្រី។ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរ នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងរដ្ឋសភាប្រទេសទំាងពីរ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយឡើង។

ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី សម្តេច ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨ (8th Edition of the Paris Peace Forum) នៅទីក្រុងប៉ារីស សាធារណរដ្ឋបារំាង ដែលប្រារព្ធឡើងនៅថ្ងៃទី២៩ និងទី៣០ ខែតុលា ឆ្នាំ២០២៥ បន្តទៀត។

នៅក្នុងវេទិកាអន្តរជាតិនេះ សម្តេច នឹងអញ្ជើញថ្លែងសុន្ទរកថា ចំនួនបីលើកដាច់ដោយឡែកពីគ្នា មាន ១) នៅក្នុងកិច្ចប្រជុំពេញអង្គ ក្រោមមូលបទ «សម្ព័ន្ធភាពថ្មី ដើម្បីសន្តិភាព មនុស្ស និងភពផែនដី» ២) កិច្ចពិភាក្សាតុមូល ស្តីពី «ចំពោះមុខការបែកបាក់៖ អធិបតេយ្យភាពក្នុងសណ្តាប់ធ្នាប់ពិភពលោកដែលមានការបែកខ្ញែក » និងទី ៣) កិច្ចពិភាក្សា «ការបែកបាក់ និងការប្រឈមមុខដាក់គ្នា៖ ការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយនៅអាស៊ី»។

ក្រៅពីនេះសម្តេច គ្រោងជួបជាមួយថ្នាក់ដឹកនាំគណៈប្រតិភូបណ្តាប្រទេសផ្សេងៗ និងដៃគូអភិវឌ្ឍន៍នានា រួមទំាងលោកស្រី យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំងផង ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីទំាងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដែលជាបុរេសកម្មនៃវិស័យការទូតកម្ពុជាក្នុងការស្វែងរកផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ៕

Khcct banner

អត្ថបទទាក់ទង