តាកែវ៖ ជនជាតិវៀតណាម ៤៨នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីបំពានប្រកាស ស្តីពីការបណ្តេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា លួចស្នាក់នៅធ្វើការងារខុសច្បាប់ (Online Scams) លួចឆ្លងដែនខុសច្បាប់ និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
តាមអនុសាសន៍របស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៨នាក់ (ស្រី៦នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ខេត្តតាកែវ ពាក់ព័ន្ធករណីបំពានប្រកាស ស្តីពីការបណ្តេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា លួចស្នាក់នៅធ្វើការងារខុសច្បាប់ (Online Scams) លួចឆ្លងដែនខុសច្បាប់ និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ព្រៃវែង និងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕