ភ្នំពេញ៖ លោក Matt Western MP សមាជិកសភាអង់គ្លេស និងជាប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស នឹងមកកាន់កម្ពុជាចាប់ពីថ្ងៃទី២០-២១ តុលា ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការពង្រឹងទំនាក់ ទំនងពាណិជ្ជកម្ម និងវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។
ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រី ចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកទស្សនកិច្ចនៅកម្ពុជាដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការពង្រឹងទំនាក់ ទំនងពាណិជ្ជកម្ម និងវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។ ដំណើរទស្សនកិច្ចនេះ បង្កើតឡើងដោយក្រោមវេទិកាពាណិជ្ជកម្ម និងវិនិយោគ រួមរវាង ចក្រភពអង់គ្លេស និងព្រះរាជាណាចក្រកម្ពុជា (JTIF) ដែលជាវេទិកាសំខាន់សម្រាប់ការសម្របសម្រួលទ្វេភាគី និងការចូលរួមពីវិស័យឯកជន។
ក្នុងដំណើរទស្សនកិច្ចរបស់លោក លោក Western នឹងចូលរួមពិធីសម្ពោធ ព្រលានយន្តហោះអន្តរជាតិតេជោ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ដែលបានរចនាប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្មរបស់ចក្រភពអង់គ្លេស Foster + Partners. ដែលជានិមិត្តរូបនៃការរួមចំណែករបស់ចក្រភពអង់គ្លេសចំពោះការតភ្ជាប់ និងកំណើនពាណិជ្ជកម្មរយៈពេលវែងរបស់កម្ពុជា។
លោកក៏នឹងមានជំនួបជាមួយរដ្ឋមន្ត្រីកម្ពុជាដើម្បីតាមដានគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជាហើយកិច្ចពិភាក្សា នឹងរួមបញ្ចូលស្ថាបត្យកម្មពាណិជ្ជកម្មក្នុងតំបន់ ជាពិសេសការអភិវឌ្ឍន៍ជុំវិញភាពជាដៃគូអន្តរប៉ាស៊ីហ្វិកគ្រប់ជ្រុងជ្រោយ (CPTPP) និងរីកចម្រើន និងរបៀបដែលកម្ពុជា និងចក្រភពអង់គ្លេសអាចពង្រឹងកិច្ចសហប្រតិបត្តិការលើសមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់។
ដំណើរទស្សនកិច្ចនេះ ឆ្លុះបញ្ចាំងពីភាពជាដៃគូយូរអង្វែងរបស់ចក្រភពអង់គ្លេសក្នុងការជួយដល់ការផ្លាស់ប្តូររបស់កម្ពុជា ពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការលើកកម្ពស់កំណើនបៃតង និងប្រកបដោយបរិយាប័ន្ន ស្របតាមមហិច្ឆតាដ៏ទូលំទូលាយរបស់ចក្រភពអង់គ្លេស ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយទទួលស្គាល់តួនាទីដ៏សំខាន់របស់អាស៊ាន ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់៕