681 ezgif.com resize
Swift cc time

ផ្លូវជនបទប្រវែង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានលើកកម្រិតគុណភាពពីផ្លូវក្រាលល្បាយដី ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

កំពង់ឆ្នាំង៖ ផ្លូវជនបទសរុបចំនួន ៦ខ្សែ មានប្រវែង ៤០,៥០គីឡូម៉ែត្រ នៅក្នុងស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច នៃខេត្តកំពង់ឆ្នាំង ត្រូវបានលើកកម្រិតគុណភាពពីផ្លូវក្រាលល្បាយដី ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុង ដើម្បីលើកកម្ពស់សេដ្ឋកិច្ចនៅតំបន់ជនបទ និងងាយស្រួលធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋក្នុ្ងងតំបន់។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៧ តុលានេះ បានអញ្ជើញជាអធិបតីក្នុងពីធីបើកការដ្ឋានសាងសង់ផ្លូវជនបទដោយក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង សរុបចំនួន ៦ខ្សែ ប្រវែងសរុប ៤០,៥០គ.ម. ស្ថិតនៅក្នុងស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីលើកកម្ពស់សេដ្ឋកិច្ចនៅតំបន់ជនបទ។ ពិធីនេះត្រូវបានរៀបចំឡើងនៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីនេះ លោក អ៊ុក ពញ្ញា រដ្ឋលេខាធិការ និងជានាយកគម្រោង បានធ្វើរបាយការណ៍សង្ខេប អំពីគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ថា គម្រោងត្រូវស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ និងបេតុងសរុបចំនួន ៦៦ខ្សែ ប្រវែងសរុប ៥៣៧គ.ម, កែលម្អផ្សារសហគមន៍ចំនួន ៦ផ្សារ សាងសង់កំពង់ដសហគមន៍ចំនួន ៤ និងសាងសង់កន្លែងប្រមូលផ្តុំផលិតផលសម្រាប់បណ្តុំកសិករចំនួន ៥កន្លែង មានអ្នកទទួលផលសរុប ២៦១ ៤៧៦គ្រួសារ ស្មើនឹង ១ ១២៣ ៦៣៥នាក់ ក្នុងនោះស្រី ៥៧៥ ៧៦៧នាក់ នៅក្នុងខេត្តចំនួន១២ រួមមាន៖ ខេត្តកំពត តាកែវ កណ្តាល ស្វាយរៀង កំពង់ចាម កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីនេះ លោក រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រមទាំងបានសម្ដែងសេចក្ដីសោមនស្សរីករាយ និងអបអរសារទរចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ដែលទទួលបានសមិទ្ធិផលថ្មីនាឱកាសនេះ៕

Khcct banner

អត្ថបទទាក់ទង