681 ezgif.com resize
Swift cc time

ក្រសួងយុត្តិធម៌ចេញអធិបញ្ជាឲ្យព្រះរាជអាជ្ញាសាលាដំបូងរាជធានី ចាត់វិធានការតឹងរឹងសំណុំរឿងលោក ហ៊ុន ហេង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី ១៦ តុលាម្សិលមិញ បានចេញអធិបញ្ជាឱ្យលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការផ្លូវច្បាប់ និងតឹងរឹងបំផុតចំពោះសំណុំរឿងលោក ហ៊ុន ហេង ដែលបានបើកបរក្នុងស្ថានភាពស្រវឹងបង្កឱ្យមានមនុស្សស្លាប់ និងរងរបួសច្រើននាក់ ព្រមទាំងយានយន្ត និងទ្រព្យសម្បត្តិជាច្រើនរងការខូចខាត។

យោងតាមលិខិតជម្រាបទៅ ព្រះរាជអាជ្ញា ច្រឹង ខ្មៅ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៥ លោក ហ៊ុន ហេង បានបើកបរក្នុងស្ថានភាពស្រវឹងបង្កឱ្យមានមនុស្សស្លាប់ និងរងរបួសច្រើននាក់ ព្រមទាំងយានយន្ត និងទ្រព្យសម្បត្តិជាច្រើនរងការខូចខាត។ ករណីនេះ បង្កឱ្យមានភាពវឹកវរដល់សណ្ដាប់ធ្នាប់សាធារណៈ។

លោកថា សំណុំរឿងនេះ សាលាដំបូងរាជធានីភ្នំពេញ បែរជាសម្រេចប្រកាសសាលក្រម ផ្តន្ទាទោសលោក ហ៊ុន ហេង ដាក់ពន្ធនាគារកំណត់ ៣ឆ្នាំ។ ប៉ុន្តែ បែរជាទោសអនុវត្ត ក្នុងពន្ធនាគារមានត្រឹម១ឆ្នាំ ហើយទោសនៅសល់ ត្រូវព្យួរ។ ក្រៅពីនេះ មានការពិន័យប្រាក់៤លានរៀល ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ។​

យោងតាមច្បាប់ ក្រសួងយុត្តិធម៌ សម្រេចេញអធិបញ្ជាឱ្យលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើបណ្តឹងឧទ្ធរណ៍ចំពោះសំណុំរឿងលោក ហ៊ុន ហេង ដើម្បីធានាដល់ការពង្រឹងការអនុវត្តច្បាប់នៅប្រទេសកម្ពុជា៕



Khcct banner

អត្ថបទទាក់ទង