ភ្នំពេញ៖ គយចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឯកភាពពន្លឿនការរៀបចំពិធីសារអនាម័យនិងភូតគាមអនាម័យ ក៏ដូចជានីតិវិធីចាំបាច់ដើម្បីសម្រួលឱ្យកសិផលខ្មែរ មួយចំនួនបន្ថែមទៀត ដែលរួមមានអង្ករសំរូប ផ្លែម្ចាស់ ផ្លែខ្នុរ ផ្លែទុរេនបង្កក ផ្លែមៀនសមូត សាច់ចម្អិន សំបុក ត្រចៀកកាំ និងចំណីសត្វចិញ្ចឹម អាចចូលទៅដល់ទីផ្សារប្រទេសចិន។ ភាគីទាំងពីរ នឹងជំរុញនីតិវិធីចុះបញ្ជីជាមួយគយចិន ដើម្បីផ្តល់ភាពងាយស្រួលឱ្យកសិផលពីកសិដ្ឋានខ្នាតតូច អាចមានលទ្ធភាព ចូលទៅកាន់ទីផ្សារប្រទេសចិន។
កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើឯកសារក្រមប្រតិបត្តិស្តីពីយន្តការសហប្រតិបត្តិការសម្រាប់ការនាំចេញ និងនាំចូលចំណីអាហារដែលមានសុវត្ថិភាពសម្រាប់ប្រទេសជាសមាជិកនៃក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ យន្តការនេះ មានគោលដៅជំរុញការបើកទីផ្សារកសិផលដែលមានសុវត្ថិភាពទៅ បណ្តាប្រទេសទាំងនោះឱ្យកាន់តែទូលំទូលាយ ស្របតាមស្តង់ដាអន្តរជាតិ។
ក្នុងឱកាសនោះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានជួបពិភាក្សាជាមួយលោកស្រី SUN Meijun រដ្ឋមន្ត្រីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) និងថ្នាក់ដឹកនាំគយចិនផ្សេងទៀត ដើម្បីពិភាក្សារអំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអនាម័យ និងភូតគាម អនាម័យ(SPS) រវាងប្រទេសទាំងពីរ សំដៅពន្លឿនការបើកទីផ្សារចិនដល់ផលិតផលកសិផលកម្ពុជាបន្ថែមទៀត ក៏ដូចជា ការសម្រួលនីតិវិធីនាំចេញទៅប្រទេសចិនស្របតាមការទន្ទឹងរង់ចាំរបស់កសិករ និងវិស័យឯកជនកម្ពុជា។
ជាលទ្ធផល ភាគីទាំងពីរឯកភាពពន្លឿនការរៀបចំពិធីសារអនាម័យនិងភូតគាមអនាម័យ ក៏ដូចជានីតិវិធីចាំបាច់ដើម្បីសម្រួលឱ្យកសិផលខ្មែរ មួយចំនួនបន្ថែមទៀត ដែលរួមមានអង្ករសំរូប ផ្លែម្ចាស់ ផ្លែខ្នុរ ផ្លែទុរេនបង្កក ផ្លែមៀនសមូត សាច់ចម្អិន សំបុក ត្រចៀកកាំ និងចំណីសត្វចិញ្ចឹម អាចចូលទៅដល់ទីផ្សារប្រទេសចិន។
បន្ថែមពីនេះ រៀបចំក្របខ័ណ្ឌក្រុមការងាររួម ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងដោយផ្ទាល់រវាងស្ថាប័ននៃប្រទេសទាំងពីរ សំដៅ ដោះស្រាយបញ្ហារាំងស្ទះកើតឡើងជាយថាហេតុ ឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។ ជំរុញនីតិវិធីចុះបញ្ជីជាមួយ GACC ដើម្បីផ្តល់ភាពងាយស្រួលឱ្យកសិផលពីកសិដ្ឋានខ្នាតតូច អាចមានលទ្ធភាព ចូលទៅកាន់ទីផ្សារប្រទេសចិន ក្នុងលក្ខខណ្ឌដែលកសិដ្ឋានទាំងនោះមានការអនុវត្តកសិកម្មល្អ(GAP)៕