កណ្តាល៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ រួមជាមួយថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកលេីកដែក និងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងស្រុកបានជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ចំនួន៧៦គ្រួសារ ស្ថិតក្នុងមូលដ្ឋនស្រុកលេីកដែក ខេត្តកណ្តាល។
ក្នុងឱកាសនោះ លោក ហេង រតនា បានលើកឡើងថា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែគិតគូរ និងយកចិត្តទុកដាក់អំពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងស្រុកលេីកដែកផងដែរ។ ក្នុងនាមលោកក្រុមការងាររាជរដ្ឋាភិបាល បានបង្ហាញពីការសោកស្តាយចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់លិចលង់ផ្ទះសម្បែង ដីស្រែចម្ការ និងខូចខាតភោគផលដំណាំ។ ទន្ទឹមនឹងនេះ លោកក៏បានលេីកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋត្រូវខិតខំបន្ដការដាំដុះដំណាំឡេីងវិញ ក្រោយរដូវទឹកសម្រកដេីម្បីបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោក ហេង រតនា ក៏បានណែនាំដល់ប្រជាពលរដ្ឋ ឲ្យប្រុងប្រយត្ន័ខ្ពស់ ក្នុងរដូវទឹកទឹកឡើងនេះ ជាពិសេសក្មេងតូចៗ ប្រុងប្រយ័ត្នក្មេងៗធ្លាក់ទឹក និងលេងទឹក អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ ម្យ៉ាងទៀត ក៏អំពាវនាវដល់អាជ្ញាធរ និងពលរដ្ឋទាំងអស់ប្រកាន់ខ្ជាប់នូវការអនាម័យ ដើម្បីជៀសវាងកើតមានជំងឺផ្សេងៗ។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានបន្តតាមដាន និងជួយដល់គ្រួសារដែលនៅតែជួបលំបាក ព្រមទាំងត្រៀមបន្តជួយផ្តល់ការគាំទ្រដល់គ្រួសាររងផលប៉ះពាល់ទាំងអស់ក្រោយទឹកសំរកផងដែរ ក្នុងការស្តារជីវភាពឡេីងវិញ៕