ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ តុលា បានស្នើសុំកិច្ចសហការ និងការគាំទ្រពីចិន ក្នុងការរៀបចំគម្រោងស្តីពី "ប្រព័ន្ធនគរបាលសហគមន៍វៃឆ្លាត - Smart Community Policing System" ដែលគម្រោងនេះ នឹងបំពាក់កាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធវិភាគទិន្នន័យនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយបទល្មើសនៅកម្ពុជា។
លោក ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងលោក លី ស៊ាង មីង (LI XIANG MING) ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀត បានជួបពិភាក្សាកិច្ចសហប្រតិបត្តិការកម្ពុជា និងចិន។
ក្នុងកិច្ចពិភាក្សា លោករដ្ឋលេខាធិការ បានបង្ហាញពីដំណើរការរៀបចំគម្រោងស្តីពី "ប្រព័ន្ធនគរបាលសហគមន៍វៃឆ្លាត - Smart Community Policing System" ក្រោមការឧបត្ថម្ភដោយមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គឡាន-ឆាង និងស្នើសុំកិច្ចសហការ និងការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា ក្នុងគោលបំណងជំរុញឱ្យគម្រោងនេះដំណើរការទៅដោយរលូន។
ជាការឆ្លើយតប លោក លី ស៊ាង មីង បានលើកឡើងថាគម្រោងនេះមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយបទល្មើសផ្សេងៗដែលកំពង់កើតមាន រួមទាំងបទល្មើសចរាចរណ៍ផងដែរ និងការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព ហើយលោក បានសន្យាថានឹងរាយការណ៍ពីសំណើសុំកិច្ចសហការ និងការគាំទ្រលើគម្រោងនេះ ជូនលោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
គួរបញ្ជាក់ថា គម្រោងខាងលើនឹងបំពាក់កាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធវិភាគទិន្នន័យនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងគោលបំណងកាត់បន្ថយបទល្មើសផ្សេងៗដែលកំពង់កើតមាន រួមទាំងបទល្មើសចរាចរណ៍ផងដែរ និងជួយជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា៕