កូរ៉េ៖ ឯកអគ្គរាជទូតកម្ពុជា និងកូរ៉េ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានជួបគ្នាពិភាក្សាការងារ ដោយផ្ដោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសពាក់ព័ន្ធនឹងការប្ដេជ្ញាចិត្តរួមគ្នា ក្នុងទប់ស្កាត់ និងបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារផលប្រយោជន៍របស់ប្រជាជន និងប្រជាជាតិទាំងពីរ។
លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតតែងតាំងនៃកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក PARK IL ដែលទើបនឹងទទួលបានការតែងតាំងជាតំណាងជាន់ខ្ពស់របស់ក្រសួងការបរទេសកូរ៉េ ទទួលបន្ទុកជាឯកអគ្គរដ្ឋទូតស្ដីទីនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា មុនពេលដែលលោកចេញដំណើរមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។
កិច្ចពិភាក្សានោះ ឯកអគ្គរាជទូតទាំងពីរ បានផ្ដោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសពាក់ព័ន្ធនឹងការប្ដេជ្ញាចិត្តរួមគ្នា ក្នុងទប់ស្កាត់ និងបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារផលប្រយោជន៍របស់ប្រជាជន និងប្រជាជាតិទាំងពីរ៕