ភ្នំពេញ៖ ពិព័រណ៍ស្នាដៃ«រស់រាន» របស់លោក គឹម ហាក់ រំឭកខួប ៥០ ឆ្នាំនៃការដួលរលំ ទីក្រុងភ្នំពេញ (ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥) ឆ្លុះបញ្ចាំងអំពីការចងចាំផ្សាភ្ជាប់នៅនឹងវត្ថុប្រើប្រាស់ប្រចាំថ្ងៃ ដែលវត្ថុទាំងនោះបានឆ្លងកាត់អតីតកាលដ៏ជូរចត់របស់ប្រទេសកម្ពុជា និងត្រូវបានម្ចាស់លាក់ទុក រក្សាទុក ឬយកតាមខ្លួន អស់ពេលជាច្រើនជំនាន់។ ពិព័រណ៍ស្នាដៃនេះ នឹងចាប់ផ្តើមតាំងបង្ហាញចាប់ពីថ្ងៃទី១៨ តុលា - ១៥ វិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលបុប្ផាណា។
រស់រាន គឺជាគម្រោងថតរូបរយៈពេលវែងមួយរបស់សិល្បករ គឹម ហាក់ ដែលបានផ្តួចផ្តើមដំបូងកាលពីឆ្នាំ ២០១៤ ហើយបានវិវឌ្ឍ ជាជំពូកបន្តបន្ទាប់ និងបានដាក់តាំងបង្ហាញនៅ លើឆាកអន្តរជាតិតាមបណ្តាប្រទេសនានាដូចជាប្រទេស អូស្ត្រាលី នូវែលសេឡង់ និងជប៉ុន។ ជំពូកនីមួយៗ បានឆ្លុះបញ្ចាំង អំពីការចងចាំផ្សាភ្ជាប់នៅនឹងវត្ថុប្រើប្រាស់ប្រចាំថ្ងៃ ដែលវត្ថុទាំងនោះបានឆ្លងកាត់អតីតកាលដ៏ជូរចត់របស់ប្រទេសកម្ពុជា និងត្រូវបានម្ចាស់លាក់ទុក រក្សាទុក ឬយកតាមខ្លួន អស់ពេល ជាច្រើនជំនាន់។
ការតាំងពិព័រណ៍នៅរាជធានីភ្នំពេញនេះ គឺជាការនាំយកនូវរូបថតទាំងបួនជំពូកមកដាក់បង្ហាញរួមគ្នាជាលើកដំបូងបង្អស់នៅប្រទេសកម្ពុជា។ ពិព័រណ៍នេះផ្តោតសំខាន់ទៅលើការរស់រានមានជីវិតរបស់បុគ្គល ឱ្យក្លាយទៅជារឿងរ៉ាវ នៃភាពរឹងមាំ និងការចងចាំរួមគ្នាមួយរបស់ប្រទេសកម្ពុជា។
ពិព័រណ៍មានឈ្មោះថា រស់រាន ដែលជាស្នាដៃដ៏លេចធ្លោ របស់លោក គឹម ហាក់ ជាសិល្បករកម្ពុជាដែលទទួលស្គាល់ជាអន្តរជាតិ និង ប្រឹក្សាដោយផ្ទាល់ជាមួយលោក ប៉ាន់ រិទ្ធី រួមជាមួយអ្នករៀបចំពិព័រណ៍ កញ្ញា ម៉ុង មេត្តា។ ពិព័រណ៍នេះ នឹងបើកជូនទស្សនាជាសាធារណៈបានពីថ្ងៃសៅរ៍ ទី ១៨ ខែ តុលា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥។
គួរបញ្ជាក់ថា ពិព័រណ៍នេះនឹងរៀបចំនៅជាន់ផ្ទាល់ដី និងជាន់ទីពីរនៃមជ្ឈមណ្ឌលបុប្ផាណា ដែលដាក់បង្ហាញស្នាដៃជម្រើសយ៉ាងលម្អិតពីក្រុមការងារ ព្រមទាំងតាំងបង្ហាញរូបខ្លះនៅជាន់ទីមួយ ដែលជាបណ្ណាល័យរបស់មជ្ឈមណ្ឌល ក្នុងគោលបំណង បង្ហាញពីលក្ខណសម្បត្តិរបស់មជ្ឈមណ្ឌលក្នុងការរៀបចំពិព័រណ៍បែបសហសម័យ និងប្រវត្តិសាស្ត្រសំខាន់ៗ៕