ភ្នំពេញ៖ ២ឆ្នាំ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានបណ្ដុះបណ្ដាលមន្ត្រី២ម៉ឺននាក់លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈដល់មន្ត្រីផ្ដល់សេវា ចំណេះដឹង និងជំនាញបច្ចេកទេសលើការងារចុះបញ្ជីអត្រានុកូលដ្ឋាន និងលើកកម្ពស់គុណភាពសេវាដល់ប្រជាពលរដ្ឋ ព្រមទាំងដោះស្រាយបណ្ដឹងរាប់រយករណី។
បើតាមលោក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា សម្រាប់វគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលានានា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំនៅថ្នាក់ក្រោមជាតិចំនួន៥០លើក មានសិក្ខាកាមចូលរួមចំនួន២០.០៣៧នាក់ ក្នុងនោះមានវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងអគ្គនាយកដ្ឋាន មានចំនួន ១៣វគ្គ មានសិក្ខាកាមចូលរួម៧៦៣នាក់ និងវគ្គបណ្ដុះបណ្ដាលស្ដីពី ក្រមសីលធម៌វិជ្ជាជីវៈនៃមន្ត្រីផ្ដល់សេវាចំនួន៦វគ្គ។
វគ្គបណ្ដុះបណ្ដាលទាំងនោះ ផ្តោតលើគោលបំណង ៣សំខាន់ៗ ទី១.លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈដល់មន្ត្រីផ្ដល់សេវា ទី២.ពង្រឹងសមត្ថភាពមន្ត្រីទាំងចំណេះដឹង និងជំនាញបច្ចេកទេសលើការងារចុះបញ្ជីអត្រានុកូលដ្ឋាន ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងការចុះបញ្ជីស្នាក់នៅ និងទី៣.លើកកម្ពស់គុណភាពសេវាដល់ប្រជាពលរដ្ឋ។ វគ្គបណ្ដុះបណ្ដាលនេះ ឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការពង្រឹងធនធានមនុស្ស និងគុណភាពនៃសេវាសាធារណៈ។
ក្នុងរយៈពេលដូចគ្នានេះ ក្រុមការងារប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានសកម្មបំពេញភារកិច្ចឆ្លើយតប និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បានជាច្រើនរយករណី តាមរយៈការឆ្លើយតបតាមប្រព័ន្ធ Hotline ១២៧១ កម្មវិធីGDI eServices( Mobile App) គណនី Facebook អគ្គនាយកដ្ឋានសញ្ញាណកម្ម និងប្រអប់សំបុត្រ ១៣ទីតាំង។ ជាលទ្ធផល ចាប់ពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន មានប្រជាពលរដ្ឋទាញយកកម្មវិធី GDI eServices ២៦៧.៩៦៧នាក់ ខណៈមន្ត្រីបានឆ្លើយតបសំណូមពរ ៥៨.២៧៣ករណី និងបានដោះស្រាយបណ្ដឹង៩៥៣ករណី៕