681 ezgif.com resize
Swift cc time

ក្រសួងការងារ ណែនាំឱ្យម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ និងកម្មករនិយោជិត បង្ការហានិភ័យ ដែលអាចកើតមានឡើងដោយសារគ្រោះទឹកជំនន់

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងការងារ នាថ្ងៃទី ១៣ តុលា ២០២៥ នេះ បានចេញសេចក្តីណែនាំស្តីពី ការពង្រឹងវិធានការសុវត្ថិភាព និងសុខភាពការងារក្នុងករណីមានគ្រោះជំនន់ទឹកភ្លៀង។ ក្រសួងអំពាវនាវឱ្យ ម្ចាស់ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកម្មករនិយោជិតទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តច្បាប់ស្តីពីការងារ បង្ការហានិភ័យដែលអាចកើតមានឡើងជាយថាហេតុដោយសារគ្រោះជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រ ដែលមានសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកន្លែងស្នាក់នៅរបស់កម្មករនិយោជិត។

យោងតាមសេចក្តីណែនាំ ក្រសួងការងារបានណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវពង្រឹងការអនុវត្តនូវវិធានការសុវត្ថិភាព និងសុខភាពការងារដូចជា៖ ១- តាមដានស្ថានភាពទឹកជំនន់ជាប្រចាំនៅក្នុងភូមិសាស្ត្ររបស់ខ្លួន, ២- បង្កើតក្រុមការងារទទួលបន្ទុក និងរៀបចំបណ្តាញទំនាក់ទំនងឱ្យបានច្បាស់លាស់ ព្រមទាំង ត្រៀមផែនការជួយសង្គ្រោះ មធ្យោបាយការពារ និងជម្លៀសកម្មករនិយោជិត ក្នុងករណីមាន ទឹកជំនន់, ៣- ត្រួតពិនិត្យបណ្តាញអគ្គិសនីឱ្យបានត្រឹមត្រូវសមស្របតាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាព សម្រាប់បង្ការ និងបញ្ចៀសបញ្ហាជាយថាហេតុណាមួយ, ៤- រៀបចំវិធានការសង្គ្រោះបឋម និងវិធីសាស្ត្រជួយសង្គ្រោះជាអាទិ៍ ក្នុងករណីលង់ទឹក ឆក់ចរន្ត អគ្គិសនី សត្វទិច ចឹក ឬខាំ។, ៥- ទុកដាក់វត្ថុធាតុដើម សម្ភារៈសំខាន់ៗ និងសារធាតុគីមីឱ្យបានត្រឹមត្រូវផុតពីទឹក និងមានសុវត្ថិភាព ជាពិសេសវត្ថុធាតុដើម និងសារធាតុគីមីដែលមានប្រតិកម្មជាមួយទឹក។, ៦- រៀបចំដាក់ស្លាកសញ្ញាការហាមឃាត់នៅកន្លែងដែលមានគ្រោះថ្នាក់ ទឹកជន់លិច ឬហូរខ្លាំង។, ៧- ត្រៀមស្បៀងអាហារ ទឹកស្អាតសម្រាប់បរិភោគ និងថ្នាំសង្កូវឱ្យបានគ្រប់គ្រាន់អំឡុងពេលរង់ចាំ ក្រុមជួយសង្គ្រោះទៅដល់ ក្នុងករណីកម្មករនិយោជិតជាប់គាំងក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រ នៅពេលមានទឹកជំនន់។, ៨- អប់រំ ណែនាំ និងផ្សព្វផ្សាយដល់កម្មករនិយោជិតអំពីវិធានការសុវត្ថិភាព និងសុខភាពការងារ ដើម្បីការពារសុវត្ថិភាពកម្មករនិយោជិតនៅពេលមានទឹកជំនន់កើតឡើង។, ៩- ត្រួតពិនិត្យឡើងវិញនូវប្រព័ន្ធសុវត្ថិភាពផ្សេងៗ សម្អាតបរិវេណសហគ្រាស ក្រុមហ៊ុន រោងចក្រ និងធ្វើអនាម័យបង្គន់ឡើងវិញ មុននឹងចាប់ផ្តើមដំណើរការច្រវាក់ផលិតកម្ម ឬសកម្មភាព អាជីវកម្មឡើងវិញ។, និង ១០- អនុវត្តឱ្យបានហ្មត់ចត់តាមវិធានការរបស់អាជ្ញាធរមូលដ្ឋាន និងវិធានការនានារបស់ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសហការឱ្យបានពេញលេញជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីមានការណែនាំ ជាក់ស្តែង។

ចំណែកឯ នយោជិតវិញ ក្រសួងការងារបានណែនាំ, ១- បង្កើនការប្រុងប្រយ័ត្នគ្រោះថ្នាក់ផ្ទាល់ខ្លួនជាអាទិ៍ លង់ទឹក ឆក់ចរន្តអគ្គិសនី សត្វទិច ចឹក ឬខាំ។, ២- ផ្តល់ព័ត៌មានអំពីស្ថានភាពសុវត្ថិភាព និងសុខភាពការងាររបស់ខ្លួនទៅកាន់និយោជកជាប្រចាំ ក្នុងអំឡុងពេលឈប់សម្រាកដោយសារគ្រោះទឹកជំនន់។, ៣-អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់និយោជក និងអាជ្ញាធរពាក់ព័ន្ធ។, ៤-អនុវត្តឱ្យបានហ្មត់ចត់តាមវិធានការរបស់អាជ្ញាធរមូលដ្ឋាន និងវិធានការនានារបស់ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសហការឱ្យបានពេញលេញជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីមានការណែនាំ ជាក់ស្តែង។

បន្ថែមពីនេះ ក្រសួងការងារ បានគូសបញ្ជាក់ថា ក្នុងករណីចាំបាច់ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកម្មករនិយោជិត អាចទាក់ទងមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦ ឬ ស្កែន QR Code ខាងក្រោម ដើម្បីអធិការការងារចុះធ្វើការវាយតម្លៃកម្រិតហានិភ័យ ដែលអាចកើតមានឡើងចំពោះសុវត្ថិភាពកម្មករនិយោជិត ក្នុងអំឡុងពេលមានទឹកជំនន់៕


Khcct banner

អត្ថបទទាក់ទង