តាកែវ៖ អាជ្ញាធរខេត្តតាកែវ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៥ បានចុះពិនិត្យករណីសង់របងរំលោភចំណីស្ទឹងស្លាគូរ ក្នុងស្រុកត្រាំកក់ និងសម្រេចឱ្យរុះរើរបងថ្មដែលមានប្រវែង ១១៩ម៉ែត្រនោះជាបន្ទាន់។ ការសាងសង់របងនេះបានប៉ះពាល់ចំណីស្ទឹង ដោយកន្លែងខ្លះទុកចំណីត្រឹម ៤ម៉ែត្រ កន្លែងខ្លះ ១៨ម៉ែត្រ ខណៈដែលច្បាប់បានកំណត់ឱ្យរក្សាទុកចំណីស្ទឹងរហូតដល់ ៣០ម៉ែត្រ។
នាថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៥ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះទៅពិនិត្យជាក់ស្ដែងលើទីតាំងមួយកន្លែង ដែលបានសាងសង់របងថ្មរំលោភយកដីចំណី ស្ទឹងស្លាគូ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់។ ក្រោយការចុះពិនិត្យ លោក វ៉ី សំណាង បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យម្ចាស់ទីតាំង ធ្វើការរុះរើរបង ថ្មដែលមានប្រវែង ១១៩ម៉ែត្រនោះជាបន្ទាន់ ដោយទុកពេល ១៤ ថ្ងៃ។ ការសាងសង់របងនេះ បានធ្វើឡើងដោយមិនបានសុំការអនុញ្ញាតិពីអាជ្ញាធរទេ គឺយោងតាមប័ណ្ណកម្មសិទ្ធិ ដែលខ្លួនមាន។
លោកអភិបាលខេត្តតាកែវ បានសង្កត់ធ្ងន់ថា ការសាងសង់របងនេះបានប៉ះពាល់ចំណីស្ទឹង ដោយកន្លែងខ្លះទុកចំណីត្រឹម ៤ម៉ែត្រ កន្លែងខ្លះ ១៨ម៉ែត្រ ខណៈដែលច្បាប់បានកំណត់ឱ្យរក្សាទុកចំណីស្ទឹងរហូតដល់ ៣០ម៉ែត្រ។ លោកក៏បានចាត់ទុកការចេញប័ណ្ណកម្មសិទ្ធិដែលមានការប៉ះពាល់នេះថា ជាកំហុសរបស់ក្រុមមន្ត្រីបច្ចេកទេសពាក់ព័ន្ធក្នុងការកសាងប័ណ្ណ រួមមាន៖ មេភូមិ មេឃុំ តំណាងចាស់ព្រឹទ្ធាចារ្យក្នុងភូមិ ភូមិបាលស្រុក គណៈកម្មាធិការរដ្ឋបាលថ្នាក់ស្រុក និងគណៈកម្មាធិការរដ្ឋបាលថ្នាក់ខេត្ត។
ពាក់ព័ន្ធនឹងករណីសាងសង់របងប៉ះពាល់ដីចំណីស្ទឹងស្លាគូនេះ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានសន្យាថា ក្រសួងធនធានទឹកនឹងចាត់បញ្ជូនមន្រ្តីមកសហការជាមួយអាជ្ញាធរខេត្ត និងម្ចាស់ទីតាំង ដើម្បីរុះរើរបងដែលសាងសង់រំលោភនេះចេញ ហើយនឹងបន្តសុំគោលការណ៍ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីធ្វើការចេញប័ណ្ណកម្មសិទ្ធិថ្មីឱ្យបានត្រឹមត្រូវតាមច្បាប់៕