ភ្នំពេញ៖ សហភាពអង្គការសង្គមស៊ីវិល តំណាងឲ្យអង្គការ សមាគម និងសហគមន៍មូលដ្ឋាន ក្រុមយុវជន ទាំង៥០ស្ថាប័ន ដាក់ញត្តិស្នើសុំឱ្យគ្រប់គណបក្សនយោបាយទាំងអស់ ផ្តាច់ខ្លួនពីក្រុមជ្រុលនិយមដឹកនាំដោយលោក សម រង្ស៊ី និង ស្នើសុំឲ្យគណបក្សនយោបាយទាំងអស់ ប្រកាសប្រឆាំងដាច់ខាតនូវរដ្ឋាភិបាលក្រៅប្រទេសដែលដឹកនាំដោយ លោក សម រង្ស៊ី ដែលរដ្ឋាភិបាលនោះជារដ្ឋាភិបាលខុសច្បាប់ និង មានបំណងបំផ្លាញសន្តិភាពរបស់កម្ពុជា។
ក្នុងញត្តិនោះ សហភាពអង្គការសង្គមស៊ីវិលទាំង៥០ស្ថាប័ន មើលឃើញថា សន្តិភាព ស្ថេរភាពនយោបាយមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍ និង ការកសាងសង្គមជាតិ ដើម្បីឲ្យជាតិមួយខ្លាំងក្លា ពលរដ្ឋរស់នៅសុខសាន្ត សម្បូរសប្បាយ ការចូលរួមគិតគូរពីនយោបាយ ជាពិសេស សន្តិភាព និង ស្ថេរភាពនយោបាយពីសំណាក់អ្នកនយោបាយទាំងអស់ យុវជន និស្សិតបញ្ញវន្ត និងពលរដ្ឋគឺសំខាន់ណាស់។
សហភាពអង្គការសង្គមស៊ីវិល បានតាមដានដោយ យកចិត្តទុកដាក់បំផុតនូវយុទ្ធសាស្ត្រនយោបាយរបស់ក្រុម លោក សម រង្ស៊ី ពួកគេមានគម្រោង ជាច្រើន ដើម្បីប្រឆាំង និងប្រទេសខ្លួនឯង។ មិនតែប៉ុណ្ណោះក្រុមនេះតែងតែប្រឆាំងរាល់ គម្រោងអភិវឌ្ឍជាតិ ទាមទារអោយអន្តរជាតិដាក់ទណ្ឌកម្មប្រទេសខ្លួនឯង ចាក់រុកអោយអន្តរជាតិស្អប់ខ្មែរ ឥឡូវនេះក្រុមនេះ បានកំពុងរៀបចំបង្កើតរដ្ឋាភិបាលក្រៅប្រទេសដែលខុសទាំងស្រុងពីច្បាប់ធម្មនុញ្ញ និងច្បាប់ជាតិរបស់កម្ពុជា។
សហភាពអង្គការសង្គមស៊ីវិល សង្ឃឹមយ៉ាងមុតមាំថាថ្នាក់ដឹកនាំគណបក្សនយោបាយទាំងអស់ នឹងផ្តាច់ខ្លួនពីក្រុមជ្រុលនិយមដឹកនាំដោយលោក សម រង្ស៊ី ហើយនឹងចូលរួមជាមួយពលរដ្ឋក្នុងការការពារសន្តិភាព ស្ថេរភាពនយោបាយរបស់កម្ពុជាដែលមានក្នុងពេលបច្ចុប្បន្ននេះ៕