ទីក្រុងប៉េកាំង៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក ស្តីពីស្រ្តី ក្នុងទីក្រុងប៉េកំាង ប្រទេសចិន ជួបពិភាក្សាការងារជាមួយ លោកស្រី គ្រីស្ទីន អារ៉ាប់ (Christine Arab) ប្រធានប្រចាំតំបន់ របស់អង្គការសហប្រជាជាតិសម្រាប់ស្រ្តី (UN Women) សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ។ លោកស្រី គ្រីស្ទីន អារ៉ាប់ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ឆន្ទៈដ៏មោះមុតនិងលទ្ធផលសម្រេចបានជាក់ស្តែងរបស់កម្ពុជានៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងរបៀប វារៈ ស្រ្តី សន្តិភាព និងសន្តិសុខ (Women Peace and Security)។
សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនលោកស្រី គ្រីស្ទីន អារ៉ាប់ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក ស្តីពីស្រ្តី ក្នុងទីក្រុងប៉េកំាង ថានៅកម្ពុជា ស្ត្រីជាប្រភពធនធានដ៏សំខាន់នៃផលិតភាព និងកំណើនសេដ្ឋកិច្ច។ ស្ត្រី មានតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិទាំងក្នុងវិស័យផ្លូវការ និងក្រៅផ្លូវការ។ ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានជំរុញបេសកកម្មក្នុងការធានាសមភាពយេនឌ័រនៅកម្ពុជា ដោយបានទទួលស្គាល់ថា «ស្ត្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ» ហើយបានបញ្ចូលរបៀបវារៈដ៏សំខាន់នេះទៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលទាំង ៤ ដំណាក់កាល ។ បន្ថែមពីនេះ សមិទ្ធផលទាំងនេះត្រូវបានបន្តអនុវត្ត និងលើកកម្ពស់បន្ថែមទៀតដោយ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បច្ចុប្បន្ន តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានសង្កត់ធ្ងន់លើ ចក្ខុវិស័យការកសាងសង្គម ដែលមានអរិយធម៌ ប្រកបដោយសីលធម៌ សមធម៌ និង បរិយាបន្ន ដែលបញ្ជាក់ថា «ស្ត្រី គឺជាស្នូល» នៃសង្គមជាតិ។
ក្រៅពីការតាក់តែងច្បាប់ក្នុងការការពារនិងលើកកម្ពស់សមភាពយេនឌ័រហើយ និងការលុបបំបាត់អំពើហឹង្សា និងការរើសអើងប្រឆាំងស្រ្តី រដ្ឋសភាកម្ពុជា ក៏បានបង្កើតក្រុមអ្នកនយោបាយស្រ្តី សមាជិកសភាកម្ពុជាដើម្បីប្រជាជន និង ការអភិវឌ្ឍ (CAPPD) និងយុទ្ធនាការ Girl2leaders ជាដើម ។ ដោយមានការគាំទ្រ និងសហការល្អពីអង្គការដៃគូ ក្នុងនោះ រួមមាន UNFPA និង AFPPD និង PcASIA កម្មវិធីទំាងអស់នោះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់របៀបវារៈសមភាពយេនឌ័រ ការលើកកកម្ពស់សិទ្ធនិងការផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ក្នុងការចូលរួម ក្នុងនយោបាយ និងការធ្វើសេចក្តីសម្រេចចិត្ត។
ក្នុងរយៈពេល៣០ ឆ្នាំមក នេះ កម្ពុជាបានទទួលជោគជ័យយ៉ាងច្រើនក្នុងការអនុវត្តសេចក្តីប្រកាស និងផែនការសកម្មភាពទីក្រុងប៉េកាំង ដែលបានអនុម័តនៅទីក្រុងប៉េកាំងកាលពីឆ្នាំ១៩៩៥ លើកិច្ចការងារជំរុញ និងធានាសមភាពយេនឌ័រ ជាពិសេសក្នុងវិស័យអប់រំ សង្គម សេដ្ឋកិច្ច សុខាភិបាលជាដើម។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ UN Women នៅកម្ពុជា ក៏ដូចជាក្នុងតំបន់ ដែលបានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មជំរុញ និងលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រីនិងកុមារី ហើយសម្រេចបានលទ្ធផលគួរជាទីមោទនៈ។
លោកស្រី គ្រីស្ទីន អារ៉ាប់ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ឆន្ទៈដ៏មោះមុតនិងលទ្ធផលសម្រេចបានជាក់ស្តែង របស់កម្ពុជានៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងរបៀប វារៈ ស្រ្តី សន្តិភាព និងសន្តិសុខ (Women Peace and Security)។ លោកស្រីបានគូសបញ្ជាក់អ្វីដែលកម្ពុជាអនុវត្តនិងសម្រេចជាលទ្ធផលមកនេះ បានក្លាយជាគំរូមួយសម្រាប់ពិភពលោកផងដែរ។ លោកស្រីមានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងបន្តឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តដើម្បីឈានទៅសម្រេចបានការអនុវត្តសេចក្តីប្រកាស និងផែនការសកម្មភាពទីក្រុងប៉េកាំង បូក ៣០ (Beijing Declaration and Platform of Action + 30)។
គួរបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនលោកស្រី អរ៉ាប់ អំពីជម្លោះនៃការឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពកម្ពុជា ដោយបានបង្ខំឱ្យពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់នៅតាមបណ្តោយព្រំដែន រួមទាំងស្ត្រី និងក្មេងស្រី ជាពិសេស ស្ត្រីមានផ្ទៃពោះ ត្រូវបានភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព បោះបង់ចោលផ្ទះសម្បែង សាលារៀន និងកន្លែងប្រកបអាជីវកម្មរបស់ខ្លួន។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថាកម្ពុជាតែងតែប្រាថ្នាចង់រួមរស់នៅដោយសន្តិវិធីជាមួយប្រទេសជិតខាង ជាមិត្តល្អហើយនៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រែក្លាយព្រំដែនទៅជាព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដោះស្រាយបញ្ហាដោយសន្តិវិធី គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាតិ ប្រកាន់ភាពអត់ធ្មត់ ដើម្បីសុខសន្តិភាពសម្រាប់ពលរដ្ឋទំាងសងខាង៕