កំពង់ស្ពឺ៖ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កំពុងបន្តនីតិវិធីច្បាប់ ដោយចុះរុះរើសំណង់ខុសច្បាប់ ដែលជនខិលខូចបានលួចឈូសឆាយ ទន្ទ្រានដីព្រៃ និងសាងសង់សំណង់ដោយខុសច្បាប់ លើទីតាំងដីមួយកន្លែង នៃតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គីរីរម្យ» ក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
គិតចាប់ពីថ្ងៃទី១១ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ មន្រ្តីឧទ្យានុរក្ស បានចុះរុះរើសំណង់បន្ទប់ទឹក១ខ្នង មាន៤បន្ទប់ រោងប្រង់តង់ចំនួនពីរ របងបន្លាលួសព័ទ្ធតំបន់ព្រៃ បង្គោលរបងហ៊ុមព័ទ្ធដីព្រៃបន្ថែមទៀត និងសំណង់ផ្ទះលំហែចំនួន១ខ្នងបន្ថែមទៀត។ ជាមួយគ្នានេះ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានដាក់បណ្តឹងទៅតុលាការសាលាដំបូងខេត្តកំពង់ស្ពឺរួចហើយ ពីបទបោះបង្គោលហ៊ុមព័ន្ធ ក្នុងគោលបំណងកាន់កាប់ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ និងប្រមូលសន្និធិផល អនុផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាត ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តនៃឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គីរីរម្យ»។
ចំពោះករណីបទល្មើសធនធានធម្មជាតិនេះ ក្រសួងបរិស្ថាន កំពុងតាមដាននិងអនុវត្តច្បាប់តឹងរឹងបន្ថែមទៀត ដើម្បីទប់ស្កាត់បទល្មើសនានា ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ចគ្រប់ប្រភេទ រដ្ឋបាលខេត្តមានតំបន់ការពារធម្មជាតិ អាជ្ញាធឬមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ។ ចំពោះបុគ្គលឬក្រុម ដែលបានកាប់រុករានដីព្រៃនៅក្នុងឧទ្យានជាតិ«គីរីរម្យ» បានប្រព្រឹត្តល្មើសក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់មាត្រា៨៥៥ ការធ្វើសកម្មភាពសាងសង់ ឬធ្វើប្រតិបត្តិការគម្រោងបំពានការហាមឃាត់ និងមាត្រា៨៥០ ចំណុច «ង» ដឹកជញ្ជូន ប្រមូល ធ្វើសន្និធិ ឬប្រមូលសន្និធិផល និងអនុផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាត និងចំណុច «ឌ» បោះបង្គោលហ៊ុមព័ទ្ធ ឬដាក់សញ្ញាសម្គាល់លើដីដែលជាទ្រព្យសម្បត្តិរដ្ឋក្នុងតំបន់ការពារធម្មជាតិ ក្នុងគោលបំណងកាន់កាប់ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ជាបទល្មើសពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ៕