681 ezgif.com resize
Swift cc time

ក្រសួងមហាផ្ទៃ ប្រកាសថ្កោលទោសរដ្ឋបាលខេត្តស្រះកែវ និងកងកម្លាំងថៃ ចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរនៅភូមិព្រៃចាន់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នាថ្ងៃទី១០ តុលា បានប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះរដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងប្រដាប់អាវុធចម្រុះថៃ ដែលបានបន្តធ្វើសកម្មភាពឈូសឆាយដីធ្លីបំពាន ដែនអធិបតេយ្យភាពកម្ពុជា និងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ រស់នៅភូមិព្រៃបាន់ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។

ក្រសួងមហាផ្ទៃ ចាត់ទុកសកម្មភាពរបស់ភាគីថៃលើកនេះ បានធ្វើឱ្យ មជ្ឈដ្ឋានជាតិ និងសាធារណមតិអន្តរជាតិពេញសកលលោក រួមទាំងពលរដ្ឋថៃមានវិចារណញ្ញាណមួយ ចំនួនផងនោះ កាន់តែមានក្តីតប់ប្រមល់ទូលពុទ្ធោ ដ្បិតវាបានប្រាសចាកពីច្បាប់ និងសិទ្ធិសញ្ញាអន្តរជាតិ ជាគំរូអាក្រក់ និងអន់ថយមួយដែលមិនគួរកើតមានក្នុងតំបន់អាស៊ាន និងពិភពលោក។

ថៃ កំពុងរំលោភយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍នីតិអន្តរជាតិ ស្តីពី ការ កំណត់ព្រំដែនតាមអាណានិគមនិយម-។ គោលការណ៍នេះ បានផ្តល់ឱ្យរដ្ឋភាគី ស្វែងរកចំណុចឯកភាព ក្នុងករណីនៅមានមន្ទិល តាមរយៈគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ។ តែផ្ទុយទៅវិញ ថៃធ្វើមិនយល់ នឹងមិនអនុវត្តតាមគោលការណ៍នីតិអន្តរជាតិនេះទេ គឺបង្កើតកំហុសម្តងហើយម្តងទៀត តាមរូបភាព មនុស្សព្រៃ អនុវត្តច្បាប់ព្រៃ យកច្បាប់អាជ្ញាសឹករបស់ថៃ មកអនុវត្តលើដែនអធិបតេយ្យរបស់កម្ពុជា។

ក្រសួងមហាផ្ទៃ ប្រាប់ឲ្យភាគីថៃត្រូវបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាព ដូចដែលមជ្ឈដ្ឋានជាតិ និងសាធារណមតិអន្តរជាតិ បានឃើញយ៉ាង ច្បាស់ក្រឡែតជាបន្តបន្ទាប់ និងត្រូវតែមានស្មារតីភ្ញាក់រលឹកបោះបង់ចោលឱ្យអស់ទៅនូវរាល់ផែនការជាប្រព័ន្ធ ដែលចង់តែបំផ្លិចបំផ្លាញបទឈប់បាញ់ដែលភាគីទាំងពីរ និងមិត្តភក្តិបរទេស បានចូលរួមបង្កើត ឡើងយ៉ាងលំបាក។

ក្រសួងមហាផ្ទៃ អំពាវនាវដល់សហគមន៍អន្តរជាតិ មិត្តក្នុងអាស៊ាន និងភាគីពាក់ព័ន្ធទាំងអស់ បន្ថយកចិត្តទុកដាក់ និងចូលរួមគាំទ្រការអនុវត្តតាមច្បាប់អន្តរជាតិ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការគោរពអធិបតេយ្យភាព គ្នាទៅវិញទៅមករវាងកម្ពុជា និងថៃ៕

Khcct banner

អត្ថបទទាក់ទង