681 ezgif.com resize
Swift cc time

ក្រសួងបរិស្ថាន ពន្លឿនរៀបចំតំបន់«ទេទឹកពុះ»កន្លែងបាតុភូតធម្មជាតិចម្លែកគ្មានពីរនៅកម្ពុជា ជួយអភិវឌ្ឍជីវភាពសហគមន៍ក្នុងតំបន់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងបរិស្ថាន

ភ្នំពេញ៖ ក្រសួងបរិស្ថាន នាថ្ងៃទី១០ តុលា បានប្រជុំដើម្បីពន្លឿនការរៀបចំជំរុញការអភិវឌ្ឍជីវភាពសហគមន៍នៅតំបន់ទេទឹកពុះ ដែលជាតំបន់ដែលមានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០-១០០ អង្សាសេ ជាកន្លែងបាតុភូតធម្មជាតិចម្លែកគ្មានពីរនៅកម្ពុជា តាមរយៈការទាក់ទាញទេសចរមកកម្សាន្ត និងជំនឿលើទឹកពុះ ដែលអាចព្យាបាលជំងឺមួយចំនួន។

ក្នុងកិច្ចប្រជុំ លោក អ៊ាងសុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា នឹងការរៀបចំបោះបង្គោលព្រំកំណត់តំបន់ទេទឹកពុះ ដើម្បីធានាថាទេទឹកពុះ ជាសម្បត្តិរដ្ឋ, ការបំពាក់អំពូលសូឡា ជូនប្រជាពលរដ្ឋនៃសហគមន៍ជាង៣០០គ្រួសារ ដែលកំពុងរស់នៅក្នុងសហគមន៍ ដើម្បីសម្រេចបានគោលដៅអព្យាក្រឹតកាបូន, សិក្សាសក្តានុពលធម្មជាតិ ការរស់នៅ ជំនឿសាសនា និងម្ហូបអាហាររបស់ប្រជាពលរដ្ឋ ដើម្បីរៀបចំផែនការទាក់ទាញទេសចរណ៍ មកកម្សាន្ត។

បន្ថែមពីនេះ ក្នុ្ងងការងារអាទិភាព ក៏មានការសិក្សាបង្កើតកន្លែងបណ្តុះបណ្តាលសហគមន៍ លើផ្នែកសេវាកម្មទេសចរណ៍ (ការចំអិនម្ហូប អ្នកនាំភ្ញៀវ និងសេវាដឹកជញ្ជូន), សិក្សាស្រាវជ្រាវបង្កើតកន្លែងកម្សាន្តបន្ថែមទៀត(ទឹកពុះ), សិក្សារៀបចំផ្ទះស្នាក់សហគមន៍សម្រាប់ភ្ញៀវទេសចរណ៍ មកលំហែកម្សាន្តដោយឥតគិតថ្លៃ, សិក្សារៀបចំកន្លែងលក់ដូរជូនប្រជាសហគមន៍ រៀបចំកន្លែងគ្រប់គ្រងអនាម័យ និងបង្កើនភាពស្អាតនៅក្នុងមូលដ្ឋាន។

គួរបញ្ជាក់ថា ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានទឹកពុះក្ដៅពីធម្មជាតិ មានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០ អង្សាសេ និងអាចមានទៅរហូតដល់១០០អង្សាសេ។ តំបន់នេះត្រូវបានចាត់ទុកថាជាកន្លែងកើតមានបាតុភូតធម្មជាតិចម្លែកគ្មានពីរនៅកម្ពុជា ដែលទាក់ទាញទេសចរមកកម្សាន្ត និងជំនឿលើទឹកពុះ ដែលអាចព្យាបាលជំងឺមួយចំនួន។

តំបន់ទេទឹកពុះនេះ ត្រូវបានប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ក្នុងនោះមានជនជាតិដើមភាគតិចសួយ កំពុងរស់នៅច្រើន មានកន្លែងសក្ការៈបូជា និងមានជំនឿថា ជាតំបន់សក្ដិសិទ្ធិ។ បច្ចុប្បន្ននេះស្ថានភាពសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី នៅមានព្រៃឈើ ដែលជាតំបន់ភ្នំអារក្ស ទីតាំងជំនឿរបស់បងប្អូនជនជាតិសួយ៕


Khcct banner

អត្ថបទទាក់ទង