681 ezgif.com resize
Swift cc time

គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង មានសមត្ថភាពរំដោះជំនន់ទឹកភ្លៀងក្នុងរដូវវស្សា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

កំពង់ឆ្នាំង៖ អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង ដែលមានសមត្ថភាពចម្រុះទឹកកខ្វក់បានចំនួន ៥ ៤០០ម៉ែត្រគូប ក្នុងមួយថ្ងៃ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប នាថ្ងៃ ទី១០ ខែតុលា ឆ្នាំ២០២៥ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ម្រោងនេះ នឹងចូលរួមបម្រើប្រយោជន៍សាធារណៈដល់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល និងបណ្តាខេត្តជុំវិញ រួមទាំងការជួយរំដោះជំនន់ទឹកភ្លៀងក្នុងរដូវវស្សា និងការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានអនាម័យល្អសម្រាប់បណ្តាខេត្តទាំងនោះ។

គម្រោងនេះគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន ២៤៧ហិកតា ស្ថិតនៅក្នុងសង្កាត់ចំនួន៤ នៃក្រុង កំពង់ឆ្នាំង រួមមាន សង្កាត់ផ្សារឆ្នាំង សង្កាត់កំពង់ឆ្នាំង សង្កាត់ប្អៀរ និងសង្កាត់ខ្សាម ដែលមានផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ទំហំ១៥ហិកតា ប៉ុន្តែបច្ចុប្បន្ននេះដីប្រើប្រាស់សម្រាប់ការសាងសង់អស់ ៤,៥ហិកតា។

ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ដែលបានស្ថាបនារួច និងត្រៀមដាក់ឱ្យប្រើប្រាស់នាពេលនេះ មានសមត្ថភាពចម្រុះទឹកកខ្វក់បានចំនួន ៥ ៤០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយបានតភា្ជប់បណ្ដាញទឹកកខ្វក់តាមផ្ទះបងប្អូនប្រជាពលរដ្ឋ និងអគារការិយាល័យផ្សេងៗចំនួន ៥០០ទីតាំង និងសាងសង់បង្គន់អនាម័យដល់គ្រួសារក្រីក្រចំនួន ១ ២៩៣ទីតាំង និងបណ្ដាញលូមេ-លូរងតាមលំហូរធម្មជាតិ ដែលទាំងនេះនឹងក្លាយជាសមិទ្ធផលមួយរួមចំណែកលើកកម្ពស់សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ឆ្នាំង។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា គម្រោងនេះ នឹងចូលរួមបម្រើប្រយោជន៍សាធារណៈដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល និងបណ្តាខេត្តជុំវិញ រួមទាំងការជួយរំដោះជំនន់ទឹកភ្លៀងក្នុងរដូវវស្សា និងការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានអនាម័យល្អសម្រាប់បណ្តាខេត្តទាំងនោះ៕


Khcct banner

អត្ថបទទាក់ទង