ត្បូងឃ្មុំ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ជំរុញឱ្យប្រជាពលរដ្ឋមានការចូលរួម កាន់តែច្រើនថែមទៀត បន្តសម្អាតតាមលំនៅឋានរៀងៗខ្លួន ដើម្បីជំរុញឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ មានបរិស្ថានស្អាត និងការស់នៅប្រកបដោយចីរភាព។ ការលើកឡើងនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សជ័យលាភី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ មកពីស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។
លោក អ៊ាង សុផល្លែត បានលើកឡើងថា ការបង្កើនភាពស្អាតរបស់ប្រជាពលរដ្ឋនៅតាមផ្ទះ សម្អាតអនាម័យតាមកន្លែងការងារ និងមូលដ្ឋាននានា ជួយបង្កើនសោភ័ណភាព មានអនាម័យ ទាក់ទាញទេសចរណ៍ និងធ្វើឱ្យមានសុខភាពល្អ។ លោកបន្ថែមថា ការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចគ្រប់ប្រភេទ ព្រះសង្ឃ អង្គការយុវជនកម្ពុជា សមាគម អង្គការសង្គមស៊ីវិល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ ទាំងនៅទីក្រុង និងជនបទ នឹងជំរុញភាពស្អាតរបស់កម្ពុជា ឱ្យបានល្អប្រសើរ។ លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ភាពស្អាត និងអនាម័យ មិនគ្រាន់តែទាក់ទាញទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែបានជួយដល់ការទាក់ការវិនិយោគ បង្កើនជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
គួរបញ្ជាក់ថា ស្របនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដោយអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា និងការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕