681 ezgif.com resize
Swift cc time

រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចររៀបចំ«ទិវាអាកាសចរណ៍ស៊ីវិល»៧ធ្នូ ពង្រឹងវិស័យអាកាសចរណ៍ ជំរុញសេដ្ឋកិច្ចនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចររៀបចំទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមអនុវត្តគោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ២០២៥-២០៣៥ ព្រមទាំងពង្រឹងវិស័យអាកាសចរណ៍ស៊ីវិល ដែលជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយ ក្នុ្ងងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច បង្កើនចំណូលថវិកាជាតិ។

ទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ ក្នុងឆ្នាំនេះ នឹងមានការរៀបចំពិធីតាំងពិព័រណ៍អាកាសចរណ៍ ដើម្បីដាក់តាំងបង្ហាញសមិទ្ធផលអាកាសចរណ៍នានា ដែលបានសម្រេចក្នុងឆ្នាំនីមួយៗ។ រៀបចំកម្មវិធីដំណើរទស្សនកិច្ចរបស់សិស្សនិងនិស្សិតនៃគ្រឹះស្ថានអប់រំ ដើម្បីទស្សនកិច្ច ប្រតិបត្តិការជាក់ស្តែងរបស់អាកាសយានដ្ឋានអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងក្រុមហ៊ុន គ្រប់គ្រងចរាចរណ៍តាមផ្លូវអាកាស។

រៀបចំកម្មវិធីឃោសនាអប់រំស្តីពី ការគ្រប់គ្រងសន្តិសុខនិងសុវត្ថិភាពអាកាសចរណ៍ អាកាសចរណ៍ស៊ីវិល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យ, សារៈសំខាន់នៃអាកាសចរណ៍ស៊ីវិលកម្ពុជាក្នុងការចូលរួមជំរុញការរីកចម្រើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍និងការងារ និងផ្សព្វផ្សាយវប្បធម៌កម្ពុជាទៅកាន់ពិភពលោក, ការកសាងនវានុវត្តន៍ និងការការពារបរិស្ថានក្នុងវិស័យអាកាសចរណ៍ស៊ីវិល, ការទាក់ទាញយុវជននិងយុវនារី ចូលរួមបម្រើការងារក្នុងវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា, ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា។

វិស័យអាកាសចរណ៍ស៊ីវិល ត្រូវបានចាត់ទុកថាជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់នៃដំណើរការ អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាសជាតិនិងអន្តរជាតិ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ ការជំរុញសកម្មភាពពាណិជ្ជកម្មនិងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គមរួមចំណែក បង្កើនចំណូលថវិកាជាតិ។

គូរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវគោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ ២០២៥-២០៣៥ ដើម្បីបន្តគោលនយោបាយរបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញកាលពី ឆ្នាំ១៩៩៩ ពង្រឹងសមត្ថភាពនៃការប្រកួតប្រជែង ពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព ការពង្រីកការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ ដោយរំពឹងទុកថា កម្ពុជានឹងមានការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសជាតិនិងអន្តរជាតិ ចំនួន២៥ (ម្ភៃប្រាំ) លាននាក់និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចំនួន២០៥ (ពីររយប្រាំ) ពាន់តោននៅ ឆ្នាំ២០៣៥ ព្រមទាំងចូលរួមសម្រេចចក្ខុវិស័យរបស់កម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

Khcct banner

អត្ថបទទាក់ទង