ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី នៅថ្ងៃទី០៩ ខែតុលា បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ នូវថវិកាសរុបចំនួន ១៨៣,៥៨៨ ដុល្លារអាម៉េរិកដល់កម្ពុជា។ លោកឯកអគ្គរាជទូតជប៉ុន រំពឹងថាជំនួយឥតសំណងទាំងនេះ នឹងរួមចំណែកដល់ការពង្រឹងការឆ្លើយតបបន្ទាន់ចំពោះអគ្គិភ័យនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ព្រមទាំងការលើកកម្ពស់សេវាវេជ្ជសាស្រ្តក្នុងខេត្តរតនគិរី។
ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងនេះ សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ ត្រូវបានប្រារព្វឡើងនៅស្ថានទូតជប៉ុន។ លោកឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយសម្រាប់ “គម្រោងធ្វើលទ្ធកម្មរថយន្តសង្គ្រោះបន្ទាន់ដែលប្រើប្រាស់រួច ក្នុងទីក្រុងចំនួន១ និងខេត្តចំនួន២ ក្នុងប្រទេសកម្ពុជា” ជាមួយអ្នកតំណាងនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ និង “គម្រោងបំពាក់បរិក្ខារពេទ្យនៅមន្ទីរពេទ្យបង្អែកបរកែវ ក្នុងខេត្តរតនគិរី” ជាមួយអ្នកតំណាងមន្ទីរពេទ្យបង្អែកបរកែវ៕