681 ezgif.com resize
Swift cc time

ក្រុមជំនាញកម្ពុជា-ថៃជួបគ្នាលើកិច្ចការងារដោះមីនមនុស្សធម៌នៃប្រទេសទាំងពីរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានជួបប្រជុំលើកទី២ ដើម្បីបន្តពិភាក្សាក្នុងការរៀបចំបង្កើតនិយាមនីតិវិធីប្រតិបត្តិលើកិច្ចការងារដោះមីនមនុស្សធម៌នៃប្រទេសទាំងពីរ ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋនៅតំបន់ដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីន។

នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌នៃប្រទេសទាំងពីរ បានជួបប្រជុំលើកទី២ តាមប្រព័ន្ធ VTC ដើម្បីបន្តពិភាក្សាក្នុងការរៀបចំបង្កើតនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) បន្ទាប់ពីភាគីទាំងពីរបានផ្លាស់ប្តូរកែសម្រួលលើឯកសារនេះចំនួន ២ លើករួចមកហើយ។

ការរៀបចំឱ្យមាននិយាមនីតិវិធីប្រតិបត្តិ (SOP) នេះគឺ ដើម្បីធានាបាននូវបែបបទការងារមួយដែលមានស្តង់ដារ ព្រមទាំងធានាបាននូវអធិបតេយ្យ និងបូរណភាពទឹកដី ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ជាពិសេសកិច្ចការងារនេះនឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋនៅតំបន់ដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីនដែលបន្សល់ទុកពីសង្គ្រាម។

គួររម្លឹកថា ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ ត្រូវបានបង្កើតឡើងស្របតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង