681 ezgif.com resize
Swift cc time

ក្រសួងការងារ បានដាក់ចេញវិធានការ ១១ចំណុច ជួយពលករខ្មែរត្រឡប់មកពីថៃមានការងារធ្វើ ប្រកបដោយប្រសិទ្ធភាព

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការចំនួន ១១ចំណុច និងយុទ្ធនាការជាច្រើន ដើម្បីជួយដល់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ ដើម្បីឱ្យពួកគាត់មានការងារធ្វើក្នុងស្រុក។ ការដាក់ចេញនូវវិធានការទាំងនោះ បានទទួលលទ្ធផលជាបន្តបន្ទាប់ ដោយមានបងប្អូនពលករជាច្រើនរាប់សែននាក់ បានទទួលការងារធ្វើ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ មានប្រសាសន៍ថា ចាប់តាំងពីបងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញវិធានការ និងយន្ដការសំខាន់ៗ ចំនួន១១ចំណុច ដែលរួមមាន៖ ការដាក់ចេញនូវសេចក្តីជូនដំណឹង ស្តីពី ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ, ការដាក់ពង្រាយនូវមណ្ឌលសំចត និងកន្លែងទទួលពលករនៅតាមច្រកអន្តរជាតិកម្ពុជា-ថៃទាំង ៦ច្រក, ការដាក់ចេញនូវវេទិកាការងារតាមភូមិ-ស្រុក ជុំទី១ និងជុំទី២។

អ្នកនាំពាក្យក្រសួងការងាររូបនេះបន្តទៀតថា ក្រសួងការងារបានអំពាវនាវអំពីការទប់ស្កាត់ការរើសអើង និងការប្រើហិង្សាលើបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ, លិខិតចំហជូនម្ចាស់ម៉ាក អ្នកបញ្ជាទិញដែលទិញទំនិញពីប្រទេសថៃ និងអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មថៃ អំពីការកើនឡើងនូវអំពើហិង្សា មកលើពលករទេសន្តរប្រវេសន៍នៅប្រទេសថៃ ដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ, សេចក្តីជូនដំណឹង ស្តីពី អំពើល្មើសច្បាប់ពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋជាថ្នូរនឹងការទទួលបានការងារធ្វើនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងវិធានការទាំងនោះ ក៏មានសេចក្តីជូនដំណឹង ស្តីពីការលើកលែងលក្ខខណ្ឌតម្រូវឱ្យភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងការដាក់ពាក្យធ្វើការ, សេចក្តីណែនាំ ស្តីពីការសហការផ្ដល់ព័ត៌មានឱកាសការងារ, ប្រជុំពិភាក្សាជាមួយក្រសួងមហាផ្ទៃ អំពីការផ្សព្វផ្សាយឱកាសការងារ ជូនដល់ប្រជាពលរដ្ឋ, វេទិកាជាមួយសហជីព និងប្រតិភូបុគ្គលិក ដើម្បីជំរុញការផ្សព្វផ្សាយឱកាសការងារ, យុទ្ធនាការជំរុញការចុះឈ្មោះស្វែងរកការងារ ដោយស.ស.យ.ក. ជាភ្នាក់ងារព័ត៌មានទីផ្សារការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ស៊ុន មេសា បានឱ្យដឹងបន្ថែមថា នៅក្នុងខែតុលានេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បាននិងកំពុងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តធំៗចំនួន៥ ដែលរួមមាន៖ ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប, ខេត្តព្រៃវែង និងខេត្តកំពង់ធំ ដើម្បីផ្ដល់ឱកាសការងារជាង៨ម៉ឺនកន្លែង ជូនដល់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ៕


Khcct banner

អត្ថបទទាក់ទង