681 ezgif.com resize
Swift cc time

រដ្ឋបាលភ្នំពេញ បន្តជំរុញការបង្ក្រាបគ្រឿងញៀន និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង១៤ បន្តទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។

ការណែនាំបែបនេះរបស់លោកអភិបាលរាជធានីភ្នំពេញ បានធ្វើឡើង នាព្រឹកថ្ងៃទី៧ តុលា ២០២៥ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មិនមែនធ្វើការងារតែលើ ការងារសន្តិសុខ សុវត្ថិភាពប៉ុណ្ណោះទេ គឺយើងធ្វើការងារគ្រប់ជំពូកទាំងអស់ ដើម្បីផលប្រយោជន៍និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ចំពោះការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) វាជារឿងសំខាន់ដែលរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ ពោលគឺ បើពិនិត្យឃើញមានទីតាំង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ត្រូវចុះបង្ក្រាបភ្លាម។

លោក ឃួង ស្រេង បានឱ្យដឹងផងដែរថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) កម្លាំងយើងបង្ក្រាបបានប្រមាណ៨០%ហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំង ចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ពោលគឺត្រូវបន្តការចុះពិនិត្យនៅតាមបុរីនិងខុនដូ ដែលមានការសង្ស័យ។ នៅពេលចុះបង្ក្រាប ត្រូវអនុវត្តប្រកបដោយវិជ្ជាជីវៈខ្ពស់និងភាពច្បាស់លាស់។

លោក ឃួង ស្រេង បានបន្តទៀតថា គ្រឿងញៀនក៏ជាបញ្ហាដ៏ធំមួយ ដោយវាបាននឹងកំពុងចាក់គ្រឹះនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដែលអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះបង្ក្រាប ហើយអ្វីដែលសំខាន់នោះ គឺលោកស្នើឱ្យ កងរាជអាវុធហត្ថនិងប៉ូលីស ត្រូវសហការគ្នាឱ្យបានល្អ ដើម្បីរួមគ្នាលុបបំបាត់គ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់។ បន្ថែមពីនេះ លោក ឃួង ស្រេង នូវបានស្នើសុំ ឱ្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ សហការគ្នាឱ្យបានល្អជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ នៅពេលចុះបង្ក្រាបគ្រឿងញៀននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញម្តងៗ៕

Khcct banner

អត្ថបទទាក់ទង