ភ្នំពេញ៖ កម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ» នឹងរៀបចំឡើងរយៈពេល ០២ថ្ងៃ ចាប់ពី ថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ នឹងផ្តល់ឱកាសការងារជាង ៣ម៉ឺនកន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០ ដល់យុវជន និងប្រជាពលរដ្ឋ។
កម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ នឹងរៀបចំឡើងរយៈពេល ០២ថ្ងៃ ចាប់ពី ថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំនេះនឹងរៀបចំឡើងក្រោមប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ»។
ពិព័រណ៍ការងារនេះរៀបចំឡើងក្នុងគោលបំណងបង្កើតជាវេទិកាជួបជុំដ៏ធំរវាង អ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ដើម្បីដាក់ពាក្យស្វែងរកការងារ ជ្រើសរើសបុគ្គលិក ផ្សព្វផ្សាយព័ត៌មានឱកាសការងារ វគ្គអប់រំបណ្តុះបណ្តាល និងប្រឹក្សាយោបល់អាជីព ការងារ និងវិជ្ជាជីវៈ ព្រមទាំង បង្កើនការយល់ដឹង បណ្តុះផ្នត់គំនិត និងផ្សព្វផ្សាយពីការបង្កើនផលិតភាពការងារ។
ជាមួយគ្នានេះ ពិព័រណ៍ការងារថ្នាក់ជាតិឆ្នាំនេះ ក៏នឹងរួមបញ្ចូលនូវកិច្ចពិភាក្សា និងការប្រកួតប្រជែងនិយាយជាសាធារណៈ ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសក្រោមប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ» ក្នុងគោលបំណងបំផុសគំនិតទាក់ទងនឹងផលិតភាពការងារ ដោយមានការចែករំលែកចំណេះដឹង បទពិសោធល្អៗ និងគន្លឹះសំខាន់ៗ ពីសំណាក់វាគ្មិនជំនាញៗដែលមានបទពិសោធយូរឆ្នាំនៅក្នុងវិស័យការងារ។
គួរបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបានតាមរយៈ គេហទំព័រ http:/careerfair.nea.gov.kh។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ ០១៧ ៤៦៧ ៤២៣ ឬ លេខ Hotline របស់ក្រសួងការងារ ១២៩៧៕