ព្រៃវែង៖ សមត្ថកិច្ចខេត្តព្រៃវែង បានធ្វើការបង្ក្រាបករណី ផ្តល់កម្ចីប្រាក់ដោយខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់ហួសកម្រិត ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៦៤ នាក់ ស្រី ២៤ នាក់ ក្នុងរូបភាពក្លែងបន្លំការប្រាក់ពី ១០% ទៅ១៥% ក្នុងមួយខែ ប៉ុន្តែបើស្រាវជ្រាវលម្អិតគឺអត្រាការប្រាក់ខ្ពស់រហូតដល់ ៨០ ទៅ ៨៥ ភាគរយ។
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម អគ្គស្នងការដ្ឋាន នគរបាលជាតិ បានធ្វើការបង្ក្រាបករណី ផ្តល់កម្ចីប្រាក់ដោយខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៦៤ នាក់ ស្រី ២៤ នាក់ រួមទាំងវត្ថុតាងមួយចំនួនធំ។
បើតាមស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កម្លាំងនគរបាលបានស្រាវជ្រាវកំណត់ទីតាំងសង្ស័យចំនួន ០៥ ដោយក្នុងចំណោម៥ក្រុមនោះសុទ្ធសឹងតែខុសច្បាប់ដោយក្នុងនោះមាន ០៤ ក្រុម គឺពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវតាមច្បាប់ឡើយ ដោយឡែក ០១ ក្រុមទៀត មានអាជ្ញាប័ណ្ណ ប៉ុន្តែគឺជាអាជ្ញាប័ណ្ណអាជីវកម្មទទួលបញ្ចាំតែប៉ុណ្ណោះ មិនមែនជាអាជ្ញាប័ណ្ណផ្តល់ប្រាក់កម្ចីនោះទេ។
បើតាមលោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានពន្យល់បញ្ជាក់ថា តាមរូបភាព និងចម្លើយសារភាព ពួកគេផ្តល់ប្រាក់កម្ចីជូនពលរដ្ឋយកការប្រាក់ចន្លោះពី ១០ ទៅ ១៥ ភាគរយក្នុងមួយខែនៃប្រាក់ដើមសរុប រួចហើយឱ្យពលរដ្ឋបង់ប្រាក់សរុបថេររៀងរាល់ថ្ងៃមកវិញ។ ការបង់ប្រាក់រៀងរាល់ថ្ងៃត្រឡប់មកវិញនេះ ពួកគាត់បានគិតបូកប្រាក់ដើមនិងប្រាក់ការចំនួនថេរ នៃប្រាក់បានខ្ចីដំបូងបំផុត ក៏ប៉ុន្តែអាការប្រាក់ពួកគេមិនបានដកថយតាមចំនួនប្រាក់ដើមដែលពលរដ្ឋបានសងរំលួសរាល់ថ្ងៃជូនទៅក្រុមហ៊ុនវិញឡើយ ដូចនេះបើគណនាឱ្យបានត្រឹមត្រូវ ការប្រាក់របស់ពួកគេមានចំនួនប្រមាណជា ៨០ ភាគរយនៃប្រាក់បានខ្ចីដំបូងក្នុងរយៈពេលត្រឹមមួយខែ ការនេះហើយគឺជាគ្រោះមហន្តរាយមួយចំពោះជីវភាពរបស់ប្រជាពលរដ្ឋខ្វះការយល់ដឹងនិងកំពុងទីទាល់ក្រគ្មានជម្រើស។
បច្ចុប្បន្ន ជនសង្ស័យជាអ្នកទទួលខុសត្រូវជាន់ខ្ពស់នៅក្នុងក្រុមផ្តល់ប្រាក់កម្ចីទាំង ០៥ ក្រុមនេះ ត្រូវបាននគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តព្រៃវែង ដើម្បីផ្តន្ទាទោសតាមច្បាប់ ដោយឡែកបុគ្គលិកជាភ្នាក់ងារផ្តល់ប្រាក់កម្ចីធម្មតា ត្រូវបានអប់រំ ធ្វើកិច្ចសន្យា និងដាក់ក្នុងការស៊ើបអង្កេតបន្ត ដើម្បីស្រាវជ្រាវរកបណ្តាញទីតាំងផ្តល់ប្រាក់កម្ចីខុសច្បាប់បន្ថែមទៀត៕