681 ezgif.com resize
Swift cc time

មន្ទីរពេទ្យកុមារអង្គរប្រកាសបើកយុទ្ធនាការ“រួមគ្នាជួយសង្គ្រោះកុមារមានជំងឺមហារីក”

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ មន្ទីរពេទ្យកុមារអង្គរ (Angkor Hospital for Children) នៅថ្ងៃទី ៦ តុលាម្សិលមិញ បានប្រកាសបើកយុទ្ធនាការ "រួមគ្នាជួយសង្គ្រោះកុមារមានជំងឺមហារីក"។ជាយុទ្ធនាការ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកកុមារ និងដើម្បីរៃអង្គាសមូលនិធិសម្រាប់ដំណើរការនៅក្នុងមន្ទីរពេទ្យ។

យុទ្ធនាការនេះ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ មានគោលដៅ រៃអង្គាសថវិកា ដើម្បីបំពេញនូវកង្វះខាតថវិកាមន្ទីរពេទ្យកុមារអង្គរចំនួន ២០០ ០០០ដុល្លារ ដែលអាចប៉ះពាល់ដល់មន្ទីរពេទ្យកុមារអង្គរដើម្បី បន្តផ្តល់ការព្យាបាល និងថែទាំសង្គ្រោះអាយុជីវិតរហូតដល់ដំណាច់ឆ្នាំនេះ។ លើសពីការរៃអង្គាសថវិកា មន្ទីរពេទ្យកុមារអង្គរ ក៏នឹងជំរុញការយល់ដឹងអំពីជំងឺមហារីកកុមារតាមរយៈការផ្សព្វផ្សាយលើវេទិកាឌីជីថល បណ្តាញសង្គម និងការចូលរួមដៃគូពីសាជីវកម្ម សិល្បករ សិល្បការិនី និងសាធារណៈជននានា។

យោងតាមផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក (National Cancer Control Plan) ប្រទេសកម្ពុជាបានកត់ត្រាករណីមហារីកកុមារប្រមាណ ៥៥៣ ករណីក្នុងឆ្នាំ ២០២០ ដោយជំងឺមហារីកឈាមស្រួចស្រាវមានចំនួនជិត៣០% ។ ខណៈពេលដែល ៨០% នៃកុមារដែលមានជំងឺមហារីកអាចរស់រានមានជីវិតនៅទូទាំងពិភពលោក នៅក្នុងប្រទេសកម្ពុជា អត្រារស់រានមានជីវិតគឺមានត្រឹម ២០% ប៉ុណ្ណោះ។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ រៀងរាល់ ៤០នាទីម្តង មនុស្សម្នាក់បានស្លាប់ដោយសារជំងឺមហារីកនៅក្នុងប្រទេសកម្ពុជា។

មន្ទីរពេទ្យកុមារអង្គរ បានបង្កើតផ្នែកព្យាបាលជំងឺមហារីករបស់ខ្លួននៅក្នុងឆ្នាំ ២០១២ ដោយចាប់ផ្តើមពីការព្យាបាលជំងឺមហារីកបាតភ្នែក។ នៅឆ្នាំ ២០២១ អគារព្យាបាលជំងឺមហារីកកុមារត្រូវបានបើកដំណើរការជាផ្លូវការ។ បច្ចុប្បន្ន មន្ទីរពេទ្យកុមារអង្គរ បានព្យាបាលជំងឺមហារីកកុមារប្រមាណ ៣០ប្រភេទ បានព្យាបាលកុមារចំនួន ៥០៨ ករណី និងបានណាត់ជួបពិគ្រោះព្យាបាលជំងឺចំនួន ៣ ៣៩៧ករណី។

ការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គររួមបញ្ចូលគ្នានូវការវះកាត់ ការព្យាបាលដោយចាក់ថ្នាំគីមី ឡាស៊ែរ និង ការព្យាបាលដោយប្រើគ្រីស្តាល់ រួមជាមួយនឹងការគ្រប់គ្រងការឈឺចាប់។ គ្រួសារក៏ទទួលបានការប្រឹក្សា ប្រាក់ឧបត្ថម្ភធ្វើដំណើរ ជំនួយអាហារ និងការអប់រំ ដើម្បីជួយមើលថែទាំកូនៗនៅផ្ទះ។

ប្រតិបត្តិការអគារជំងឺមហារីកកុមារមានតម្លៃជិត ៥០០ ០០០ ដុល្លារ ជារៀងរាល់ឆ្នាំ ជាផ្នែកមួយត្រូវការថវិកា​​ចាំបាច់។ ប្រសិនបើគ្មានជំនួយ ដើម្បីបំពេញការខ្វះខាតចំនួន ២០០ ០០០ ដុល្លារ ការថែទាំអាចនឹងត្រូវបានប៉ះពាល់ និង មានការប្រឈមលើលទ្ធភាពនៅក្នុងការជួយសង្គ្រោះអាយុជីវិតកុមារ ជាពិសេស កុមារមកពីក្រុមគ្រួសារដែលគ្មានលទ្ធភាព៕


Khcct banner

អត្ថបទទាក់ទង