681 ezgif.com resize
Swift cc time

អាជ្ញាធរកម្ពុជាបន្ដឃាត់ខ្លួនជនបរទេសជិត៣០០នាក់ពាក់ព័ន្ធស្នាក់នៅនិងធ្វើការខុសច្បាប់នៅខេត្តព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖យ៉ាងហោចណាស់ មានជនជាតិប៉ាគីស្ថាន បង់ក្លាដេស និង នេប៉ាល់ ប្រមាណ២៩០នាក់ទៀត ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ឃាត់ខ្លួនពាក់ព័ន្ធករណីស្នាក់នៅ និង ធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់។

ការរកឃើញនេះ ផ្ដើមចេញពីករណីក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសទាំងនេះ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងជនជាតិចិន ដែលប្រមាថជាតិសាសន៍ខ្លួនកាលពីប៉ុន្មានថ្ងៃនេះ។

ប្រតិបត្តិការនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងសហការជាមួយកម្លាំងអាវុធហត្ថ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីតំណាងអយ្យការផងដែរ។

របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា ប្រតិបត្តិការឃាត់ខ្លួននៅថ្ងៃនេះ រកឃើញជនជាតិប៉ាគីស្ថាន ២១៦នាក់, បង់ក្លាដេស ចំនួន៦៨នាក់ និងជនជាតិនេប៉ាល់ ចំនួន៦នាក់ សរុបចំនួន២៩០នាក់។ ដោយឡែក សម្រាប់កាលពីប៉ុន្មានថ្ងៃមុននេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិបង់ក្លាដេស និងប៉ាគីស្ថាន ប្រមាណ៥៨នាក់។ ជនបរទេសទាំងអស់នេះ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។

សូមរំលឹកថា នៅយប់ថ្ងៃទី៤ ខែតុលាកន្លងទៅនេះ ជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសជាច្រើននាក់ បាននាំគ្នាតវ៉ាប្រឆាំងដោយខឹងសម្បារ ជាមួយជនជាតិចិនដែលប្រើពាក្យប្រមាថជាតិសាសន៍ខ្លួននៅកន្លែងធ្វើការក្នុងអគារមួយ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ផ្អើលប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចុះអន្ដរាគមន៍ដើម្បីសម្របសម្រួល។ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសនោះជាបន្ដបន្ទាប់ ដើម្បីចាត់ការតាមនីតិវិធី៕

Khcct banner

អត្ថបទទាក់ទង