ភ្នំពេញ៖ លោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល បានអំពាវនាវដល់ពលរដ្ឋដែលជាសមាជិកគ្រួសារដែលមានបណ្ណសមធម៌,បណ្ណគ្រួសារងាយរងហានិភ័យ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ឱ្យមកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ (TVET) ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងកម្មវិធីវេទិកាការងារ និងការចុះឈ្មោះស្វែងរកការងារធ្វើរបស់ពលរដ្ឋ និងពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ និងកំពុងស្វែងរកការងារធ្វើ ក្នុងស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥។
នាឱកាសនេះ លោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល បានសំណូមពរដល់ពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃ ត្រូវខិតខំធ្វើការនៅក្នុងប្រទេសរបស់យើង ដើម្បីជួយគ្រួសារ និងសង្គមសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើង ព្រោះថាការងារនៅកម្ពុជានិយាយជារួម ក៏ដូចជានៅខេត្តកណ្តាលនិយាយដោយឡែក មិនខ្វះទេឱកាសធ្វើការងារព្រោះតំបន់សេដ្ឋកិច្ចឧស្សាហកម្មជាច្រើនកំពុងត្រូវការកម្លាំងពលកម្ម និងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ផងដែរ។
លោកក៏បានអំពាវនាវដល់ពលរដ្ឋដែលជាសមាជិកគ្រួសារដែលមានបណ្ណសមធម៌,បណ្ណគ្រួសារងាយរងហានិភ័យ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ សូមមកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ (TVET) របស់រាជរដ្ឋាភិបាល ដើម្បីទទួលបានការសិក្សាជំនាញវិជ្ជាជីវៈដោយមិនគិតថ្លៃ និងប្រាក់ឧបត្ថម្ភប្រចាំខែ ក៏ដូចជាទទួលបានចំណេះជំនាញ ពិតប្រាកដ ដើម្បីឈានចាប់យកឱកាសការងារដែលកំពុងមានច្រើនកន្លែងក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា កម្មវិធីវេទិកាការងារ និងការចុះឈ្មោះស្វែងរកការងារធ្វើរបស់ពលរដ្ឋ និងពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ និងកំពុងស្វែងរកការងារធ្វើ បានរៀបចំនៅជើងភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្តាល។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលស្រុកពញាឮ លោកប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត អាជ្ញាធរពាក់ព័ន្ធ តំណាងក្រុមហ៊ុន ព្រមទាំងប្រជាពលរដ្ឋ និងពលករដែលបានវិលមកពីប្រទេសថៃចូលរួមសរុបប្រមាណចំនួន ៣០០ នាក់៕