កំពង់ចាម៖ ទិវាដើរពិភពលោក ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace» នាថ្ងៃទី៥ តុលា បានបង្ហាញអំពីគុណតម្លៃដ៏មហិមាមិនអាចកាត់ថ្លៃបាននៃកត្តាសុខសន្តិភាព ដែលសន្តិភាពប្រៀបដូចជាអុកស៊ីសែន ដែលត្រូវការជារៀងរាល់ថ្ងៃ ព្រមទាំងជួយជំរុញកំណើនទេសចរក្នុងរដូវកាលបៃតង (Green Season) និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្ត កំពង់ចាម។
ទិវាដើរពិភពលោក ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace» នាថ្ងៃទី៥ តុលា ត្រូវបានរៀបចំឡើងដោយមានការចូលរួមដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមជាមួយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងខេត្តកំពង់ចាម និងព្រះវត្តមានរបស់ព្រះសង្ឃចំនួន ២៥០អង្គ បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត និងមហាជនទូទៅបានអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករសរុបប្រមាណជាង ៦,០០០នាក់។
លោក ហួត ហាក់ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ រួមចំណែកក្នុងការផ្តល់នូវកាលានុវត្តភាពថ្មីមួយបែប ដែលធ្វើឱ្យផលិតផលទេសចរណ៍ មានភាពសម្បូរបែប និងប្លែកៗតាមរយៈការធ្វើពិពិធកម្មផលិតផលកីឡាទេសចរណ៍។
កម្មវិធីនេះ នឹងចូលរួមចំណែកជំរុញកំណើនទេសចរក្នុងរដូវកាលបៃតង (Green Season)នេះផង ក៏ដូចជាផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្ត កំពង់ចាម ពិសេសបង្ហាញឱ្យពិភពលោកឃើញថា ប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ, មានសាមគ្គីភាពរឹងមាំ និងសុខដុមរមនាទូទាំងប្រទេស៕