ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នាថ្ងៃទី៣ តុលា បានសម្រេចផ្តល់ជំនួយសម្រាប់ “គម្រោងស្តារប្រព័ន្ធធារាសាស្ត្រព្រៃរំដួលក្នុងខេត្តកំពង់ស្ពឺ” និង“គម្រោងសាងសង់ស្ពានក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង” ក្នុងថវិកាប្រមាណជាង២៦ម៉ឺនដុល្លារសម្រាប់អនុវត្តគម្រោង។
នៅថ្ងៃទី០៣ ខែតុលា ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ ដោយមានលោក ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយសម្រាប់ “គម្រោងស្តារប្រព័ន្ធធារាសាស្ត្រព្រៃរំដួលក្នុងខេត្តកំពង់ស្ពឺ” ជាមួយអ្នកតំណាងនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និង“គម្រោងសាងសង់ស្ពានក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង” ជាមួយអ្នកតំណាងនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។
ក្នុងគម្រោងទី១ “គម្រោងស្តារប្រព័ន្ធធារាសាស្ត្រព្រៃរំដួលក្នុងខេត្តកំពង់ស្ពឺ” ផ្តល់ជំនួយចំនួន ១២៦,៧១០ ដុល្លារ ដើម្បីស្តារឡើងវិញនូវបរិក្ខារធារាសាស្ត្រដែលមានស្រាប់ ក្រោយបានមើលឃើញថាក្នុងតំបន់នេះ ងាយរងគ្រោះរាំងស្ងួតក្នុងរដូវប្រាំងដោយសារសម្ភារៈមិនអាចស្តុកទុកបរិមាណទឹកគ្រប់គ្រាន់ក្នុងរដូវវស្សា។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋដោយការកែលម្អប្រព័ន្ធធារាសាស្ត្រដើម្បីធានាទឹកកសិកម្មផ្គត់ផ្គង់ក្នុងលក្ខណៈស្ថិរភាពពេញមួយឆ្នាំ។
សម្រាប់គម្រោងទី២ “គម្រោងសាងសង់ស្ពានក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង” ផ្តល់ជំនួយចំនួន ១៤០,៦៧៤ ដុល្លារ សម្រាប់សាងសង់ស្ពានបេតុងថ្មីមួយ ដើម្បីប្រើប្រាស់ជំនួសស្ពានឈើដែលផុយស្រួយកន្លងមក។ ស្ពានចាស់កន្លងមក មិនអាចឲ្យរថយន្ត និងរថយន្តសង្គ្រោះបន្ទាន់ឆ្លងកាត់បានឡើយ ដោយសារស្ថានភាពពុកផុយ។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណ ៥០០០ នាក់ ដោយទទួលបានផ្លូវសុវត្ថិភាពទៅកាន់សាលារៀន ផ្សារ និងមណ្ទលសុខភាពដែលនៅជិតបំផុត។
គួរបញ្ជាក់ថា គម្រោង "KUSANONE" របស់ប្រទេសជប៉ុនបានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩១ ក្នុងគោលបំណងជួយដល់ប្រទេសកម្ពុជា ការកសាងឡើងវិញ និងការអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន។ ចាប់តាំងពីឆ្នាំ ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ប្រាក់ជាង ៧២លានដុល្លារសម្រាប់ ភាគច្រើនជាអាជ្ញាធរមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីអនុវត្ត 706 KUSANONE គម្រោងនានាទូទាំងប្រទេសកម្ពុជា៕