681 ezgif.com resize
Swift cc time

UNFPA ចុះផ្សព្វផ្សាយអំពីសុខភាពស្ត្រី និងផ្តល់ឃីតអនាម័យជូនស្ត្រីរស់នៅតំបន់ទឹកជំនន់ ក្នុងខេត្តក្រចេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ កាកបាទក្រហមកម្ពុជា

ក្រចេះ៖ អង្គការសហប្រជាជាតិដើម្បីប្រជាជន (UNFPA) សហការជាមួយកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ បានចុះផ្សព្វផ្សាយអំពីសុខភាពស្ត្រី ក្នុងវ័យបន្តពូជ និងផ្តល់ឃីតអនាម័យជូនស្ត្រីសម្រាលកូនរួច ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជ ចំនួន៩០នាក់ កំពុងប្រឈមស្ថានភាពទឹកជំនន់ ក្នុងខេត្តក្រចេះ។

កំឡុងពេលចុះផ្សព្វផ្សាយ លោកស្រី មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាព បានចែករំលែកអំពីសារសុខភាពមាតា ទារក និងកុមារ សុខភាពស្ត្រីក្នុងវ័យបន្តពូជ ពិសេសស្ត្រីដែលមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់យ៉ាងតិចឱ្យបាន៤ដង និងសូមបងប្អូនស្ត្រីទាំងអស់មានការយល់ដឹងស្តីពីមេរោគអេដស៍ ជំងឺអេដស៍ ការថែទាំសុខភាពបឋម និងការទប់ស្កាត់ជំងឺមិនឆ្លងនានាដូចជាជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺមហារីកជាដើម។

បន្ថែមពីនេះ ខណៈពេលដែលកំពុងមានទឹកជំនន់សូមបងប្អូនស្ត្រីទាំងអស់ត្រូវរក្សាអនាម័យ ឱ្យបានល្អ ដោយរស់នៅស្អាត ផឹកស្អាត ពិសាទឹកដាំពោះ ពិសេសកុមារតូចៗ ត្រូវប្រើប្រាស់ទឹកដែលស្អាតនិងមានអនាម័យ ព្រោះពេលទឹកជំនន់ប្រភពទឹកគឺមិនស្អាតងាយបង្ករោគផ្សេងៗ។ បន្ថែមលើនេះ ចូរប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដោយការលង់ទឹក និងប្រយ័ត្នចំពោះសត្វអាសិរពិសគ្រប់ប្រភេទ។

UNFPA ក៏បាននាំមកជាមួយនូវកញ្ចប់សម្ភារអនាម័យមួយចំនួនដែលចាំបាច់សម្រាប់ ការប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងនោះ ក៏មានខិត្តប័ណ្ណសរសេរយ៉ាងច្បាស់លាស់អំពីការថែទាំសុខភាព ដើម្បីឲ្យស្ត្រីទាំងអស់បានយល់ដឹង និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនដើម្បីប្រយោជន៍សុខភាពនិងសុខុមាលភាពរបស់ខ្លួននិងក្រុមគ្រួសារ៕


Khcct banner

អត្ថបទទាក់ទង