ភ្នំពេញ៖ ឧកញ៉ា លីម តារារិទ្ធ ត្រូវបានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) តែងតាំងជា ទីប្រឹក្សាយុទ្ធសាស្ត្រប្រតិបត្តិសម្រាប់ប្រទេសកម្ពុជា។ តួនាទីនេះ ជាជំហានដ៏សំខាន់មួយ ក្នុងការឆ្ពោះទៅរកការកសាងវត្តមានដ៏រឹងមាំ និងនិរន្តរភាពរបស់ USABC នៅកម្ពុជា។
ឧកញ៉ា លីម តារារិទ្ធ គឺជាសមាជិកសមាគមឧកញ៉ាកម្ពុជា និង ជាធុរជនមួយរូបពោរពេញដោយបទពិសោធ និង ភាពជាអ្នកដឹកនាំដោយជាងពីរទសវត្សរ៍មកនេះ។ លោកបានបំពេញមុខងារជាច្រើនរួមមាន ទីប្រឹក្សាតាមបណ្តាស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងបានវិនិយោគលើការថែទាំសុខភាពតាមរយៈការបង្កើតក្រុមហ៊ុន GE Cambodia នៅក្នុងឆ្នាំ២០០៨ ដោយលោកបានបំពេញតួនាទីជាប្រធាន និងនាយកប្រតិបត្តិអស់រយៈពេលជាង ១៣ឆ្នាំ និង បានវិនិយោគសំខាន់ៗក្នុងវិស័យថាមពល ការថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌នានាតាមរយៈមូលនិធិ GE ដោយបានបរិច្ចាគនូវធនធានប្រមាណជាជាង ១៨លានដុល្លារដើម្បីពង្រីកលទ្ធភាពក្នុងការទទួលបានការថែទាំសុខភាព និងការបណ្តុះបណ្តាលផ្នែកសុខាភិបាលជាច្រើនទៀត។
មិនត្រឹមតែប៉ុណ្ណោះ លោកក៏ធ្លាប់បំពេញមុខងារជានាយកប្រតិបត្តិនៃមន្ទីរពេទ្យជាតិ និងអន្តរជាតិផងដែរ ដែលបានរួមចំណែកពង្រឹង និងបំពេញបន្ថែមស្តង់ដារនៃប្រព័ន្ធសុខាភិបាលប្រកបដោយគុណភាពកម្រិតអន្តរជាតិ។
ឧកញ៉ា លីម តារារិទ្ធ ក៏មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ, មន្ទីរពេទ្យកុមារអង្គរ និង សភាពាណិជ្ជកម្ម អាម៉េរិកនៅកម្ពុជា ព្រម ទាំងជាអនុប្រធានគណៈកម្មាធិការ USABC សម្រាប់ភាគីកម្ពុជាផងដែរ។
ឯកអគ្គរដ្ឋទូត Ted Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន បានថ្លែងថា តាមរយៈជំនាញដ៏ស៊ីជម្រៅ និងភាពជឿជាក់ដ៏មុតមាំរបស់ខ្លួន ឧកញ៉ា លីម តារារិទ្ធ នឹងចូលរួមក្នុងការពង្រីកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការអាម៉េរិក-កម្ពុជា ហើយនេះជាជំហានដំបូងឆ្ពោះទៅរកការកសាងវត្តមានអចិន្ត្រៃយ៍របស់ USABC នៅក្នុងទីក្រុងភ្នំពេញដែលនឹងផ្តល់អត្ថប្រយោជន៍ថែមទៀតដល់ធុរកិច្ចអាម៉េរិក និងការអភិវឌ្ឍន៍របស់កម្ពុជា។
ឧកញ៉ា លីម តារារិទ្ធ បានបញ្ជាក់ថា៖ «ខ្ញុំមានកិត្តិយសណាស់ដែលបានចូលកាន់តួនាទីជាទីប្រឹក្សាយុទ្ធសាស្ត្រប្រតិបត្តិរបស់ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ានសម្រាប់ប្រទេសកម្ពុជាដែលជាបេះដូងនៃទ្វីបអាស៊ី ហើយនឹងផ្តល់ឱកាសយ៉ាងធំធេងក្នុងការសហការជាមួយក្រុមហ៊ុនអាម៉េរិកនានាលើការកសាងធនធានមនុស្ស ការពង្រឹងឧស្សាហកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាពដើម្បីផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មក៏ដូចជាប្រជាជន នៃប្រទេសទាំងពីរ។»