681 ezgif.com resize
Swift cc time

Grab និងអង្គការទស្សនៈពិភពលោក សហការគ្នាដើម្បីគាំទ្រសុខភាព និងសុខុមាលភាព ក្នុងសហគមន៍ដែលរងផលប៉ះពាល់ក្នុងខេត្តព្រះវិហារ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ ៖ Grab និង អង្គការទស្សនៈពិភពលោកអន្តរជាតិ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានចាប់ផ្តើមគំនិតផ្តួចផ្តើមមួយ ក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់រយៈពេលប្រាំមួយខែ ជាមួយនឹងកញ្ចប់ ថវិកាចំនួន ១២០.០០០ ដុល្លាអាមេរិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមណ្ឌលសុខភាពដែលបច្ចុប្បន្នកំពុងរងផលប៉ះពាល់ និងផ្តល់ជំនួយ អាហារូបត្ថម្ភ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដល់ស្ត្រី និងកុមារដែលងាយរងគ្រោះរស់នៅក្នុងសហគមន៍ដែល រងផលប៉ះពាល់ក្នុងខេត្តព្រះវិហារ។ គម្រោងនេះនឹងផ្តល់ផលដោយផ្ទាល់ដល់ប្រជាជនចំនួន៤.៨០០ នាក់ ទាំងស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន ចំនួន៦០០ នាក់ កុមារអាយុក្រោម៥ ឆ្នាំចំនួន ១.២០០ នាក់ និងសមាជិកសហគមន៍ចំនួន ៣.០០០ នាក់ និងគាំទ្រដោយប្រយោលដល់ប្រជាជនចំនួនជាង៩.៧២០ នាក់ ដែលរងផលប៉ះពាល់ដោយវិបត្តិនេះ។

គម្រោងនេះ នឹងធ្វើការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមណ្ឌលសុខភាព រួមមាន ការជួសជុលអគារថែទាំ និងព្យាបាល ដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យ (បន្ទះសូឡា) ដើម្បីរក្សាគុណភាពបរិក្ខារវិជ្ជសាស្រ្ត សាងសង់ កន្លែងអនាម័យ ប្រព័ន្ធទឹក និងរបង និងជួយគាំទ្រដល់មណ្ឌលសុខភាពដើម្បីបន្តផ្តល់សេវាសុខភាពមាតា និងទារក។ បន្ថែមពីលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គម្រោងនឹងរួមបញ្ចូលការចែកចាយកញ្ចប់អាហារសម្បូរសារធាតុ ចិញ្ចឹម ការផ្តល់សម្ភាៈប្រើប្រាស់សំខាន់ៗដូចជា ភួយ កន្ទេល សម្ភារៈចម្អិនអាហារ និងកញ្ចប់សម្ភារៈអនាម័យ ការពិនិត្យស្ថានភាពអាហារូបត្ថម្ភ និងការបញ្ជូនបន្តដើម្បីព្យាបាលកុមារអាយុក្រោម៥ ឆ្នាំ ចំនួន១.២០០ នាក់ និងលើកកម្ពស់ការយល់ដឹងសម្រាប់អាណាព្យាលបាលចំនួន៣.០០០ នាក់ ស្តីពីការបំបៅកូនដោយទឹកដោះ ម្តាយ ការផ្តល់អាហារបន្ថែម ការផ្តល់អាហារដោយសុវត្ថិភាព។

នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា លោក ជេនេស អ៉ីម៉ានូអ៊ែល ហ្គីនទីញ បានមានប្រសាសន៍ថា៖ «ភាពជាដៃគូនេះជួយឱ្យយើងធ្វើសកម្មភាពបានឆាប់រហ័ស និងប្រកបដោយក្តីមេត្តា ក្នុងការស្ដារឡើងវិញនូវសេវាសុខភាពសំខាន់ៗសម្រាប់គ្រួសារក្នុងសហគមន៍ដែលត្រូវការជំនួយ។»។ លោក ជេនេស បានបន្ថែមថា៖ «នៅពេលដែលគម្រោងនេះត្រូវបានបញ្ចប់ មន្ទីរសុខាភិបាលខេត្តនឹងដាក់ ពង្រាយបុគ្គលិកពេទ្យដែលបានទទួលការបណ្តុះបណ្តាល ឱសថសំខាន់ៗ និងឧបករណ៍ទំនើបៗ ដើម្បីធានា បាននូវសេវាថែទាំសុខភាពដែលមិនមានការរំខាន។ អង្គការទស្សនៈពិភពលោក នឹងនៅតែចូលរួមយ៉ាងសកម្ម តាមរយៈការតាមដានជាបន្តបន្ទាប់ របាយការណ៍តម្លាភាព និងការចូលរួមសហគមន៍យ៉ាងស៊ីជម្រៅ ធានាថាគំនិតផ្តួចផ្តើមផ្តល់នូវការផ្លាស់ប្តូរយូរអង្វែងសម្រាប់អ្នកដែលរងផលប៉ះពាល់បំផុត»។

ចំណែកឯ លោក កង សុវណ្ណារ៉ូត ប្រធានក្រុមហ៊ុន Grab ប្រចាំនៅកម្ពុជា បានថ្លែងថា៖ «ក្នុងនាមជាក្រុមហ៊ុន ដែលមានការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅនៅក្នុងប្រទេសកម្ពុជា Grab បានប្តេជ្ញាចិត្តក្នុងការជួយដល់សហគមន៍ ក្នុងគ្រាមានវិបត្តិ។ តាមរយៈភាពជាដៃគូរបស់យើងជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិ យើងមានមោទនភាពក្នុងការគាំទ្រ និងស្តារឡើងវិញនូវមណ្ឌលសុខភាពដ៏សំខាន់មួយក្នុងខេត្តព្រះវិហារ និងផ្តល់អាហាររូបត្ថម្ភ និងការផ្គត់ផ្គង់ចាំបាច់ដល់ស្ត្រី និងកុមារនៅក្នុងសហគមន៍ដែលរងផលប៉ះពាល់។ គោលដៅ របស់យើងគឺជួយគ្រួសារឱ្យមានស្ថិរភាពឡើងវិញប្រកបដោយសេចក្តីថ្លៃថ្នូរនៅថ្ងៃនេះ និងការពង្រឹងប្រព័ន្ធ សុខាភិបាលសម្រាប់ថ្ងៃស្អែក។

គួរបញ្ជាក់ថា​ គម្រោងនេះកំពុងត្រូវបានអនុវត្តដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមន្ទីរសុខាភិបាលខេត្ត ការិយាល័យស្រុកប្រតិបត្តិ និងបុគ្គលិកមណ្ឌលសុខភាព។ ក្រុមសហគមន៍ រួមទាំងក្រុមគាំទ្រសុខភាពភូមិ និងក្រុមយុវជន និងកុមារ ក៏ត្រូវបានកៀរគរឱ្យចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការយល់ដឹង និង លើកទឹកចិត្តដល់ការប្រើប្រាស់សេវាសុខភាពប្រកបដោយនិរន្តរភាព៕

Khcct banner

អត្ថបទទាក់ទង