ភ្នំពេញ៖ អូស្ត្រាលី នាថ្ងៃទី១ តុលា បានបញ្ជាក់នូវការប្តេជ្ញាចិត្ត និងត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពាក់ព័ន្ធកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី អមជាមួយរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់សារជាថ្មីនូវការបន្តប្តេជ្ញាចិត្តខ្ពស់ បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទោះក្នុងកាលៈទេសៈដែលកម្ពុជាកំពុងដោះស្រាយបញ្ហាវិវាទព្រំដែនក៏ដោយ។
ក្នុងកិច្ចពិភាក្សារវាងលោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងលោក Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានសម្តែងនូវចំណាប់អារម្មណ៍នៃការចូលរួមបោសសម្អាតការឆបោកតាមប្រព័ន្ធ ក្រោមកិច្ចសហប្រតិបត្តិការរួមគ្នាទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។
លោក ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទោះក្នុងកាលៈទេសៈដែលកម្ពុជាកំពុងដោះស្រាយបញ្ហាវិវាទព្រំដែនក៏ដោយ ក៏កិច្ចប្រតិបត្តិការបង្ក្រាបនិងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតែបន្តធ្វើឡើងជាប់ជាប្រចាំ និងគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការអនុវត្តនីតិវិធីទៅលើមេក្លោងឧក្រិដ្ឋជន ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិក្នុងកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី បានសម្តែងចំណាប់អារម្មណ៍ និងទទួលស្គាល់លើការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាត និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកបានបញ្ជាក់ថា អូស្ត្រាលីត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពាក់ព័ន្ធកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី៕