ពោធិ៍សាត់៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ នាថ្ងៃទី១ តុលានេះ បានប្រកាសថាស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់ទឹកបានកើនឡើងក្នុងកម្រិតមួយដែលត្រូវប្រកាសអាសន្ន ក្រោយការតាមដានស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ៣០ ខែ កញ្ញា ដល់ថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០២៥ ខេត្តពោធិ៍សាត់ អាចនឹងមានភ្លៀងធ្លាក់ផ្គររន្ទះពីតិចទៅច្រើនខ្លាំង ភវនីយភាព ៨០%។
បើតាមមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្ទាប់ពីបានធ្វើការសង្កេត តាមដានលើស្ថានភាពធាតុអាកាសរួចមក ឃើញថានៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២៥ មានព្យុះទី២០ ឈ្មោះ ប៊ូឡូយ (Bualoi) T2520 នៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់មកលើសមុទ្រ អានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងមកលើព្រះរាជាណាចក្រកម្ពុជា ។ គន្លងផ្លូវដើរ របស់ព្យុះនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី ៣០ ខែ កញ្ញា ដល់ថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០២៥ ខេត្តពោធិ៍សាត់ មាន ភ្លៀងធ្លាក់ផ្គររន្ទះពីតិចទៅច្រើនខ្លាំង ភវនីយភាព ៨០%។ ជាក់ស្តែងនៅក្នុងខេត្តពោធិ៍សាត់ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់ទឹកបានកើនឡើងក្នុងកម្រិតមួយដែល ត្រូវប្រកាសអាសន្ន។
បើតាមប្រភពដដែល បន្ទាប់ពីបានធ្វើការសង្កេតតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថាមានភ្លៀងធ្លាក់នៅតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ និងស្ទឹងធំ មានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។ ឥទ្ធិពលនៃស្ទឹងខាងលើនេះ នឹងធ្វើអោយទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងបន្តបន្ទាប់ និងអាចបង្កអោយមានទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់។
មន្ទីរធនធានទឹក ក្រើនរម្លឹកដល់ពលរដ្ឋ រស់នៅតាមដងស្ទឹង ពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ៕