ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ នាថ្ងៃទី១ តុលានេះ បានប្រកាសណែនាំពីត្រៀមបង្ការ ឆ្លើយតប និងអន្តរាគមន៍បន្ទាន់ ក្នុងពេលទឹកជំនន់ទន្លេមេគង្គ នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ កំពុងបន្តហក់ឡើង ដោយគិតត្រឹមវេលាម៉ោង ៧:០០នាទីព្រឹក នាថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៥ ទឹកមានកម្ពស់ ២១,៦៦ម៉ែត្រ ជិតដល់កម្រិតប្រកាសប្រុងប្រយ័ត្ន ២២,០០ម៉ែត្រ។
តាមរយៈព្រឹត្តបត្រតាមដាន និងការព្យាករណ៍កម្ពស់ទឹក របស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៥ ទឹកទន្លេមេគង្គនៅក្នុងខេត្តក្រចេះ នឹងបន្តឡើងដល់កម្ពស់ ២១,៩៧ម៉ែត្រ ជិតដល់កម្រិតប្រកាសប្រុងប្រយ័ត្ន ២២,០០ម៉ែត្រ និងកម្រិតប្រកាសអាសន្ននៅក្នុងខេត្តកម្ពស់ ២៣,០០ម៉ែត្រ។
នៅក្នុងខេត្តក្រចេះ នៅតែបន្តទទួលរងឥទ្ធិពលមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលធ្វើឱ្យ ទឹកទន្លេមេគង្គនៅតែបន្តហក់ឡើង ក្នុងស្ថានភាពបែបនេះ រដ្ឋបាលខេត្តក្រចេះ ណែនាំដល់មន្ទីរ-អង្គភាព ជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ និងប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងកំពុងប្រឈមដោយទឹកជំនន់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។
សម្រាប់ប្រជាពលរដ្ឋ ត្រូវតាមដានស្ថានភាពទឹកជំនន់ទន្លេមេគង្គឱ្យបានជាប់ជាប្រចាំ និងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានអំពីទីតាំងដែលត្រូវជម្លៀសសត្វពាហនៈ សត្វចិញ្ចឹម និងក្រុម គ្រួសារទៅទីទួលសុវត្ថិភាពក្នុងករណីទឹកជំនន់មានការគំរាមកំហែងដល់សុវត្ថិភាព។ រាល់ការធ្វើដំណើរតាមផ្លូវទឹក សូមបងប្អូនប្រជាពលរដ្ឋ ពាក់នូវអាវពោងសុវត្ថិភាព ឬដាក់មកជាមួយកានទឹក និងពីដុងទឹកធំៗ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ។ ជាមួយគ្នានេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់លើចាស់ជរា និងកុមារតូចៗ ដែល ងាយរងគ្រោះដោយទឹកជំនន់៕