681 ezgif.com resize
Swift cc time

ក្រសួងការងារ និងដៃគូពាក់ព័ន្ធ រួមគ្នាដោះស្រាយបញ្ហាប្រឈម ដើម្បីជំរុញការលើកកម្ពស់អាទិភាពជំនាញ និងផលិតភាពការងារនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងការងារ និយោជក តំណាងកម្មករនិយោជិត និងដៃគូអភិវឌ្ឍន៍ បានរៀបចំសិក្ខាសាលាស្ដីពី “អាទិភាពជំនាញ និងផលិតភាពសម្រាប់អនាគតកម្ពុជា” នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ សិក្ខាសាលានេះ ជាវេទិកាមួយផ្តល់ឱកាសសម្រាប់ការចូលរួមផ្តល់នូវមតិយោបល់ និងធាតុចូលក្នុងការកំណត់នូវបញ្ហាគម្លាតជំនាញ និងតម្រូវការអាទិភាពជំនាញក្នុងវិស័យនានា ដើម្បីជាធាតុចូលក្នុងការកសាង គោលនយោបាយ និងការវិនិយោគអភិវឌ្ឍន៍ជំនាញសម្រាប់អនាគត ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀត។

ថ្លែងទៅកាន់អង្គពិធី លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់ទុកវេទិកានេះពិតជាមានសារ:សំខាន់ដើម្បីប្រមូលនូវធាតុចូល សម្រាប់ជាមូលដ្ឋានចូលរួមឆ្លើយតបចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវ: ក្នុងការជំរុញការអភិវឌ្ឍជំនាញឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងបច្ចុប្បន្ននិងនាពេលអនាគត ដើម្បីរក្សាភាពប្រកួតប្រជែង និងការបន្តទាក់ទាញវិនិយោគ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានជំរុញឱ្យវិស័យឯកជនផ្តល់ឱកាសដល់សិស្ស និស្សិត ឬសិក្ខាកាម មានឱកាសហាត់ការនៅតាមសហគ្រាស និងក្រុមហ៊ុននានា ដើម្បីពង្រឹងសមត្ថភាពជំនាញ ព្រោះការហ្វឹកហាត់ជំនាញរបស់សិស្ស និស្សិត គឺជាការសំលៀងជំនាញ និងការផ្តល់បទពិសោធបានយ៉ាងល្អទៅកាន់សិក្ខាកាមឱ្យផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្តជាក់ស្តែង ហើយបន្ថែមពីនេះ ក៏ជាឱកាសដែលវិស័យឯកជន អាចជ្រើសរើសយកសិក្ខាកាមដែលមានសមត្ថភាពខ្ពស់ បម្រើការងារឱ្យខ្លួនបានផងដែរ។

លោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) បានគូសបញ្ជាក់ថា តាមរយ:ធាតុចូលនៃវេទិកានេះ CAMFEBA នឹងខិតខំរៀបចំកសាងនូវយុទ្ធសាស្រ្តរយ:ពេលមធ្យម ២០២៥-២០៣០ សម្រាប់ជំរុញការអភិវឌ្ឍជំនាញឱ្យមានផលិតភាពពេញលេញ ដើម្បីធានាយកប្រៀបនៃការប្រកួតប្រជែង។

ជាមួយគ្នានេះ លោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិនៃអង្គការអន្តរជាតិខាងការងារ (ILO)នៅកម្ពុជា បានសង្កត់ធ្ងន់ថា ការប្រែក្លាយកម្លាំងពលកម្មពីអតិពលកម្មទៅជាកម្លាំងជំនាញ គឺជាកត្តាចាំបាច់ណាស់សម្រាប់កម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបន្ថែមក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច៕


Khcct banner

អត្ថបទទាក់ទង