ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី ២៩ ខែកញ្ញានេះ បានជូនដំណឹងពីការត្រៀមរៀបចំ “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ «ការពន្លឿនអនាគត ឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល»។
វេទិកានេះ រៀបចំឡើងក្នុងគោលបំណង ១) បង្ហាញអំពីដំណើរវិវឌ្ឍន៍នៃអភិបាលកិច្ចឌីជីថលនៅកម្ពុជា ២) ជំរុញឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាលើវិស័យឌីជីថលក្នុងតំបន់អាស៊ាន ៣) លើកកម្ពស់ កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ និង ៤) ចែករំលែកនវានុវត្តន៍ឌីជីថលរបស់រដ្ឋាភិបាល និងវិស័យឯកជន។
យោងតាមសេចក្តីជូនដំណឹងក្រសួង បានឱ្យដឹងថា វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាឌីជីថលដ៏ធំមួយរបស់កម្ពុជា ដែលត្រូវបានផ្តួចផ្តើមឡើងដោយរួមបញ្ចូលគ្នានូវ ១) វេទិកាចែករំលែកបទពិសោធពាក់ព័ន្ធនឹងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថល អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ២) ពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដែលបង្ហាញអំពីសមិទ្ធផល ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) និងដំណោះស្រាយឌីជីថលរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីឌីជីថល និង ៣) ព្រឹត្តិការណ៍ជាតិនិងអន្តរជាតិអម (Side Event) វេទិការដ្ឋាភិបាលឌីជីថល ដែលសហការជាមួយអង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ (UNESCO) អង្គការយូនីសេហ្វ (UNICEF) សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) មូលនិធិសមាហរណកម្មជប៉ុន- អាស៊ាន (JAIF) និងមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play មកពីតំបន់ Silicon Valley សហរដ្ឋអាម៉េរិកជាដើម។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានប្រកាសអញ្ជើញក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ និងធុរកិច្ចថ្មីឌីជីថល ចូលរួមពិព័រណ៍បច្ចេកវិទ្យាឌីជីថលនេះ ដើម្បីតាំងបង្ហាញផ្ទាល ដំណោះស្រាយឌីជីថល និងបច្ចេកវិទ្យាឌីជីថល ចុងក្រោយជូនដល់សាធារណជន៕